សម្តេចតេជោហ៊ុនសែនអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជិត៣ពាន់នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើនចំនួន២,៨៣១នាក់ ក្នុងនោះនារីមានចំនួន ១,៦១៤នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ មានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១ ៧-២០១៨ និងឆ្នាំសិក្សា២០១៨-២០១៩។
លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន បានបញ្ជាក់ឲ្យដឹងក្នុងសុន្ទរកថាស្វាគមន៍និងរបាយការណ៍ថា សាកលវិទ្យាល័យវេស្ទើន ជាសាកលវិទ្យាល័យឯកជនមួយនៅកម្ពុជា ដែលបាននិងកំពុងធ្វើសកម្មភាពរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ សាកលវិទ្យាល័យកំពុងបណ្តុះ បណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រនិងក្រោយបរិញ្ញា បត្រ ដោយបានអនុវត្តតាមផែនការរបស់ខ្លួន ក្នុងគោលដៅចូលរួមអនុវត្ត តាមគោលនយោបាយ និង ផែនការយុទ្ធសាស្រ្តវិស័យអប់រំ លើការធានាសេវាអប់រំ ប្រកបដោយគុណភាពខ្ពស់។
លោក តែ ឡូរិន បានគូសបញ្ជាក់ទៀតថា ដោ យឈរលើមូលដ្ឋានគុណភាពជាចម្បង សាកលវិទ្យាល័យបានខិតខំកែលម្អ និង អភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការ ងារ និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានោះ សាកលវិទ្យាល័យ បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យនានា នៅបរទេស រួមមាន សាកលវិទ្យាល័យកាសេមបណ្ឌិត សាកលវិទ្យា ល័យAssumption សាកលវិទ្យាល័យ Chiang Mai សាកលវិទ្យាល័យ Thamasat សាកលវិទ្យាល័យ Kasem Bundit ( Thailand ), សាកលវិទ្យាល័យ Yeung Nam ( South Korea ), និង សាកលវិទ្យាល័យ Nangyang Institute of Management ( Singapore ) សម្រាប់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ កម្មវិធីអន្តរជាតិ សិក្សាជាភាសាអង់គ្លេស។
បើតាមលោក តែ ឡូរិន ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យ ក៏បានផ្តល់បទពិសោធន៍ ដល់និស្សិតកំពុងសិក្សា តាមរយៈការអញ្ជើញវាគ្មិនពីស្ថាប័ន រដ្ឋ និង ឯកជនមកធ្វើបទឧទ្ទេសនាម ដើម្បីផ្សារ ភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងផងដែរ។ ក្នុងឆ្នាំ២០១៩-២០២០នេះ មាននិស្សិតកំពុងសិក្សាចំនួន ៥,៥១៧នាក់ (នារី ២,២៥១នាក់) ហើយគិតចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ ដល់ឆ្នាំសិក្សា២០១៨-២០១៩ កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា ចំនួន ១៣,៥០៨នាក់ ( នារី ៦,៥៤៣នាក់ ) ។ក្នុងចំណោមនិស្សិតដែលបានបញ្ចប់ការសិក្សាទាំងនេះ អ្នកដែលមានការងារធ្វើមានចំនួន៩៤%៕