រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលើកឡើងថា រាជរដ្ឋាភិបាលមានឆន្ទៈនយោបាយ និងទស្សន​វិស័យរយៈពេលវែងចំពោះកំណែទម្រង់វិមជ្ឈការ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩​ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើង​ថា រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយ និងទស្សនវិស័យរយៈពេលវែង​ចំពោះ​កំណែ​ទម្រង់វិមជ្ឈការ បើទោះបីជាកម្មវិធីជាតិរយៈពេល១០ឆ្នាំ ​នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២០​ខាង​មុខនេះក៏ដោយ។ ការលើកឡើងរបស់សម្តេចក្រឡាហោម នេះក្នុងឱកាស អញ្ជើញចូលរួមក្នុង​ពិធីផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តន៍អនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យ​រដ្ឋបាលរាជធានី ខេត្ត កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការអនុវត្តកម្មវិធីជាតិអស់ រយៈ​ពេល៩ឆ្នាំ​មកនេះ បើទោះបីជាយឺតយ៉ាវខ្លះៗយ៉ាងណាក៏ដោយចុះ ប៉ុន្តែរដ្ឋាភិបាល​និងដៃគូ ពាក់ព័ន្ធបានខិតខំសហការគ្នាសម្របសម្រួល និងពុះពារគ្រប់ឧបសគ្គក្នុងការអនុវត្ត និង​ជំរុញ​ឱ្យកិច្ចដំណើរការកំណែទម្រង់នេះមានការវិវត្តទៅមុខស្របតាមបរិបទជាក់ស្តែង ​នៃស្ថានភាព នយោបាយសេដ្ឋកិច្ច និងសង្គមកិច្ចរបស់កម្ពុជា។ សម្តេចក្រឡាហោមបានបន្តថា ផ្អែកតាម​យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផ្អែកលើមេរៀនបទពិសោធន៍នៃការ​អនុវត្តកន្លង​មក រាជរដ្ឋាភិបាលនឹងបន្តរៀបចំតាក់តែង និងដាក់ឱ្យអនុវត្តន៍កម្មវិធីជាតិ​រយៈពេលវែង​ថ្មី​មួយទៀតដែលត្រូវចាប់ផ្តើមអនុវត្តន៍ពីឆ្នាំ២០២១តទៅ៕

ដោយ ចាន់ សុធីវង្ស