រដ្ឋមន្ត្រីក្រសួងព័ត៌មានអះអាងថា អ្នកសារព័មានផ្សាយខុសគឺប្រធានអង្គភាពឬចាងហ្វាងជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានអះអាងថា អ្នកសារព័មានផ្សាយខុសគឺប្រធានអង្គភាពឬចាងហ្វាងជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈដែលចាងហ្វាងជាអ្នកមានសិទ្ធិឱ្យចេញផ្សាយឬមិនផ្សាយ។
ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី ស្តង់ដាសហគមន៍ហ្វេសបុកនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៩ នៅវិទ្យាស្ថានកិច្ចសហប្រតិបត្តិការកម្ពុជាជប៉ុន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ថា អ្នកសារព័ត៌មានអាចសរសេអីក៏បាន ប៉ុន្តែចាងហ្វាង ឬនិពន្ធនាយកត្រូវពិនិត្យមើលមុននឹងចេញផ្សាយដើម្បីកុំអោយខុសនាំឱ្យមានការប្រឈមទៅនឹងផ្លូវច្បាប់។
ឯកឧត្តមបន្តថា គេមិនអាចប្តឹងអ្នកកាសែតបានទេ ប៉ុន្តែគេអាចប្តឹងឱ្យចាងហ្វាងជាអ្នកទទួលខុសត្រូវចំពោះខ្លឹមសារព័ត៌មានដែលអ្នកកាសែតរបស់ខ្លួនបានផ្សាយនោះ។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមទៀតថា នៅឆ្នាំ២០២០ខាងមុខនេះ ក្រសួងនឹងបន្ថែមខ្លឹមសារមួយចំនួនដែលនិយាយពីការកំណត់ពីសមត្ថភាព និងលក្ខណៈសម្បត្តិរបស់ចាងហ្វាងកាសែតនៅក្នុងច្បាប់របបសារព័ត៌មានឆ្នាំ១៩៩៥ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យព័ត៌មាននៅកម្ពុជា​​ដើរទាន់សភាពការណ៍រីកចំរើនក្នុងយុគសម័យទំនើបនេះ។

គួបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលដែលរៀបចំដោយក្រសួងព័ត៌មាន និងក្រុមហ៊ុនហ្វេបុកនេះដែរ គឺផ្តោតសំខាន់ពីការប្រាស់បណ្តាញសង្គមនៅកម្ពុជា គុណសម្បត្តិ និងគុណវិបត្តិ នៃហ្វេសបុក ។ វគ្គបណ្តុះបណ្តាលនេះ បានធ្វើឱ្យសិក្ខាកាមយល់ដឹងពីការប្រើប្រាស់បណ្តាញសង្គមហ្វេស ពីច្បាប់របបសារព័ត៌មាន, ក្រមព្រហ្មទណ្ឌ ,ប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធើណែតនៅកម្ពុជា និងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាដើម៕