ព្រឹត្តិការណ៍ចាក់បញ្ចាំងភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤បានបិទបញ្ចប់ជាផ្លូវការនៅឯកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ ព្រឹត្តិការណ៍ចាក់បញ្ចាំងភាពយន្តចល័តចិន កម្ពុជាដ៏ឆ្នើមលើកទី៤ ដែលរៀបចំឡើងដោយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដោយ​មានការ​ចូលរួមសហការពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានបិទបញ្ចប់ដោយជោគជ័យនៅកងពលតូចទ័ពពិសេសឆត្រយោង៩១១ កាលពីរាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់​ពីបានចាក់បញ្ជាំងខ្សែភាពយន្តចំនួន៧ខេត្តកន្លងមក ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១បានមានប្រសាសន៍វាយតម្លៃថា ព្រឹត្តិការណ៍”ដំណើរភាព​​យន្តចល័តចិន​កម្ពុជាដ៏ឆ្នើម” គឺជាព្រឹត្តិការណ៍មួយដែលបានបង្ហាញឱ្យឃើញ ពីគំនិតផ្តួចផ្តើមដ៏ប្រពៃ ក្នុងការផ្សព្វផ្សាយ និងផ្លាស់ប្តូរវប្បធម៌ សិល្បៈ ភាពយន្ត ទៅវិញទៅមកស្របតាមការកំណត់ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ឆ្នាំ២០១៩នេះ ជាឆ្នាំនៃការផ្លាស់ប្ដូរវប្បធម៌និងទេសចរណ៍រវាងចិននិងកម្ពុជា ក៏ដូចជារួមចំណែកក្នុងការផ្សារភ្ជាប់ ដួងចិត្តរវាងប្រជាជននៃប្រទេស យើងទាំងពីរឱ្យកាន់តែមាន មនោសញ្ចេតនាជ្រាលជ្រៅនិងរឹងមាំថែមមួយកម្រិតទៀត។
ឯកឧត្តម បញ្ជាក់ដែរថា ក្រោមការយកចិត្តទុកដាក់ យ៉ាងអស់ពីចិត្តពីថ្លើម ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិកា ររវាងប្រទេសយើងទាំងពីរ បានឈានចូលដល់ដំណាក់ កាលគ្រប់ជ្រុងជ្រោយ លើគ្រប់វិស័យទាំងអស់ រួមទាំងវិស័យវប្បធម៌ សិល្បៈ ភាពយន្ត ជាពិសេសគឺកិច្ចសហប្រតិបត្តិការ លើវិស័យយោធា ដែលកន្លងមកយើងមានទំនាក់ទំនង យ៉ាងស្អិតរមួត ក្នុងការផ្លាស់ប្ដូរបទពិសោធន៍ផ្នែកយោធាទៅវិញទៅមក ក៏ដូចជាការជួយជ្រោមជ្រែងគ្នាបណ្ដុះបណ្ដាលជំនាញនិងយុទ្ធសាស្រ្ត ឱ្យកាន់តែខ្លាំងក្លាផងដែរ។
លោកលី នីងយ៉ាអនុព័ន្ធយោធាចិន មានប្រសាសន៍ថា ភាពយន្តគឺជាស្ពានដ៏សំខាន់មួយសម្រាប់ប្រជាជនស្វែងយល់ពីគ្នាទៅវិញទៅមក ហើយព្រឹត្តិការណ៍ ”ដំណើរភាពយន្តចល័តចិនកម្ពុជាដ៏ឆ្នើម”នេះ បានក្លាយទៅជាសកម្មភាពដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសយើងទាំងពីរចិននិងកម្ពុជា។ ភាពយន្តឯកសារដែលមានចំណងជើងថា”មហាព្យុហយាត្រាឆ្នាំ២០១៩” ដែលចាក់បញ្ចាំងនាពេលនេះគឺជាភាពយន្តឯកសារបង្ហាញពី “ពិធីអបអរសាទរគម្រប់ខួប៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន” ដែលបានប្រារព្ធធ្វើឡើងនៅទីធ្លា ធានអានមិន រដ្ឋធានីប៉េកាំងប្រទេសចិន កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។ ភាពយន្តឯកសារនេះបានបង្ហាញឱ្យឃើញនូវសមិទ្ធផលអភិវឌ្ឍន៍ដ៏ខ្លាំងក្លារបស់ប្រទេសចិនដែលបានទទួលក្នុងរយៈពេល៧០ឆ្នាំកន្លងមក និងបានបញ្ជាក់ថាប្រទេសចិនជាប្រទេសដែលស្រឡាញ់សន្តិភាពយ៉ាងពិតប្រាកដ។
ព្រឹត្តិការណ៍ចាក់បញ្ចាំងភាពយន្តចល័តចិន កម្ពុជាដ៏ឆ្នើមដែលបានដំណើរការអស់រយៈពេល៤ឆ្នាំកន្លងមកហើយនេះ បានគ្របដណ្ដប់ទូទាំង២៥ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា ហើយបានចាក់បញ្ចាំងខ្សែភាពយន្តចិននិងកម្ពុជាចំនួន១៤រឿង ព្រមទាំងបានចាក់បញ្ចាំងសរុបជិត១០០ដង ដែលមានអ្នកចូលរួមទស្សនាជាង១០ម៉ឺននាក់។
ព្រឹត្តិការណ៍ចាក់បញ្ចាំងភាពយន្តចល័តចិន កម្ពុជាដ៏ឆ្នើមលើកទី៤ឆ្នាំ២០១៩ រៀបចំឡើងដោយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដោយមានការចូល​​រួមសហការពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា វិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រុមហ៊ុនភាពយន្តចិនគ្រុប និងសារព័ត៌មាន Fresh Newsបើកសម្ពោធកាលពីខែវិច្ឆិកា នៅសាលសន្នីសីទចតុម្មុខ ក្រោយមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​​ទំនាក់​ទំនងជាមួយរដ្ឋសភា-និងអធិការកិច្ច និងឯកឧត្តម វ៉ាង វិនធានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ហើយបានបិទបញ្ចប់ នៅកងពលតូច​​ទ័ពពិសេសឆត្រយោង៩១១៕