ក្រសួងព័ត៌មាន និងក្រុមហ៊ុនហ្វេសប៊ុក បញ្ជ្រៀបចំណេះដឹងស្តីពីស្តង់ដាសហគមន៍ហ្វេសបុកដល់មន្ត្រីក្រសួងព័ត៌មាន និងអ្នកពាក់ព័ន្ធ

វិទ្យុជាតិកម្ពជាអត្ថបទជួន បូណា

ភ្នំពេញ៖ក្រសួងព័ត៌មាន និងក្រុមហ៊ុនហ្វេសប៊ុកបញ្ជ្រៀបចំណេះដឹងស្តីពីស្តង់ដាសហគមន៍ហ្វេសបុកដល់មន្ត្រីក្រសួងព័ត៌មាននិងអ្នកពាក់ព័ន្ធដើម្បីឱ្យការប្រើប្រាស់ហ្វេសបុកទទួលបានផលប្រយោជន៍ នឹងជៀសផុតបញ្ហាប្រឈមផ្លូវច្បាប់។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ស្តង់ដាសហគមន៍ហ្វេសបុកនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៩ នៅវិទ្យាស្ថានកិច្ចសហប្រតិបត្តិការកម្ពុជាជប៉ុន ឯកឧត្តម ខៀវ កាញា រីទ្ធរដ្ឋ មន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការសហការគ្នារវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនហ្វេកប៊ុននៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីផ្ដល់នូវចំណេះដឹង ការអនុវត្ដល្អៗអំពីការពារសុវត្ថិភាពគណនីយ និងការការពារអំពីបញ្ហាដែលបានកើតឡើងលើបណ្ដាញទំនាក់ទំនងសង្គមមួយនេះ ជាពិសេសឈានទៅរួមចំណែកជួយលើកកម្ពស់ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គមហ្វេកប៊ុកកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្តមបានអះអាងថា ការរីកចំរើនខាងវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យាព័ត៌មានទំនើបនាពេលបច្ចុប្បន្ន ជាកត្ដាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ការផ្លាស់ប្ដូរមតិ និងការផ្លាស់ប្ដូរនៃបច្ចេកវិទ្យា ។
ឯកឧត្តម ខៀវ កាញា រីទ្ធ បានចាត់ទុកការរីកចំរើនបច្ចេកវិទ្យានេះ គឺជាយុទ្ធសាស្រ្ដអភិវឌ្ឍន៍លើវិស័យព័ត៌មាននៅក្នុងតំបន់ ព្រមទាំងចក្ខុវិស័យវែងឆ្ងាយទៅថ្ងៃអនាគត ក្នុងគោលដៅបង្កើនកិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និត ដើម្បីផ្លាស់ប្ដូរព័ត៌មានអំពីការវិវត្ដនៃបច្ចេកវិទ្យាព័ត៌មានប្រផ្សព្វផ្សាយកាន់តែទុកចិត្ដបន្ថែមទៀត។
លោក Rafael Frankel ប្រធានរដ្ឋបាល និងគោលនយោបាយសាធារណៈក្រុមហ៊ុន ហ្វេសប៊ុក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា ហ្វេសប៊ុកបញ្ជ្រៀបចំណេះដឹងស្តីពីស្តង់ដាសហគមន៍ហ្វេសបុកដល់មន្ត្រីក្រសួងព័ត៌មាន និងអ្នកពាក់ព័ន្ធនេះ គឺផ្តោតសំខាន់ ឱ្យមន្ត្រីយល់ដឹងពីការប្រាស់បណ្តាញសង្គមនៅកម្ពុជា អំពីគុណសម្បត្តិ និងគុណសម្បត្តិនៃហ្វេសប៊ុក ។
លោកបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បានធ្វើឱ្យសិក្ខាកាមយល់ដឹងពី ការពារអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក យល់ដឹងពីច្បាប់របបសារព័ត៌មាន, ក្រមព្រហ្មទណ្ឌ ,ប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធើណែតនៅកម្ពុជា និងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាដើម។
សូមបញ្ជាក់ថា ការបណ្ដុះបណ្ដាលនាពេលនេះ រួមមានមន្រ្ដីក្រសួងព័ត៌មានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមន្រ្ដីជំនាញក្រសួងមហាផ្ទៃ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងប្រយុទ្ធប្រឆាំងព័ត៌មានបច្ចេកវិទ្យានៅលើបណ្ដាញសង្គមហ្វេកប៊ុកឱ្យកាន់តែមានសុវត្ថិភាពដល់អ្នកប្រើប្រាស់គ្រប់វ័យផងដែរ៕