ចិនស្នើដល់សហគមន៍អន្តរជាតិបន្តគាំទ្រដល់អាហ្វហ្គានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ   ឆ្នាំ២០១៩ — កាលពីថ្ងៃចន្ទបេសកជនចិនមួយរូប បានស្នើដល់សហគមន៍អន្តរជាតិ ឱ្យបន្តគាំទ្រដល់ប្រទេស អា​ហ្វ​​ហ្គានីស្ថាន ។

លោក Zhang Jun  តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិននៅ អ.ស.ប បាននិយាយថា សហគមន៍​អន្តរជាតិចាំបាច់ត្រូវបន្តជួយប្រទេសអាហ្វហ្គានីស្ថានធ្វើឱ្យប្រសើរបរិយាកាស សន្តិសុខជំរុញដំណើរការ​សន្តិភាព និងការផ្សះផ្សាគ្នា ព្រមទាំងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។

លោក Zhang Jun   បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខមួយថា ស្ថានការណ៍សន្តិសុខនៅ​នឹង​កន្លែង​​​កំពុងកាន់តែអាក្រក់ទៅដោយមានការវាយប្រហារពីអាកាស នឹងប្រតិបត្តិការរុករកដែលធ្វើឱ្យ​មានការ​កើនឡើងគួរឱ្យកត់សម្គាល់ការស្លាប់ពួកជនស៊ីវិល ។ ក្រុមភេរវជននៅតែមានសកម្មភាពដដែល ហើយគ្រឿងញៀននៅតែជាប្រភពយ៉ាងសំខាន់មួយនៅឡើយ នៃការផ្តល់មូលនិធិសម្រាប់ក្រុម​ភេរវជន​ទាំង​​នេះ ។

លោក Zhang Jun  បាននិយាយថា ការដកកងទ័ពបរទេសចេញពីអាហ្វហ្គានីស្ថាន គេត្រូវតែធ្វើក្នុង​លក្ខណៈ​មួយ​ដែលរៀបរយ និងមានការទទួលខុសត្រូវ ។ សហគមន៍អន្តរជាតិត្រូវតែ​ផ្តល់ឱ្យនូវការបណ្តុះបណ្តាលការគាំទ្រមូលនិធិ និងបច្ចេកទេស ដើម្បីជំរុញការពារការកសាងសមត្ថភាព​កងកម្លាំង​សន្តិសុខ​ជាតិ​​​អាហ្វហ្គានីស្ថាន ព្រមទាំងជួយប្រទេសនេះក្នុងការប្រឆាំងនឹងអំពើភេរវកម្ម, ឧក្រិដ្ឋកម្មឆ្លងប្រទេស, ការរត់​    ពន្ធគ្រឿងញៀន ព្រមទាំងការគំរាមកំហែងដទៃទៀត ។

ស្តីពីដំណើរការសន្តិភាព និងការផ្សះផ្សាគ្នាឡើងវិញ លោកបាននិយាយថា សហគមន៍អន្តរជាតិ និងបណ្តាប្រទេសថ្នាក់តំបន់បាននឹងកំពុងជំរុញយ៉ាងសកម្ម ឱ្យមានកិច្ចចរចាដោយផ្ទាល់ រវាងរដ្ឋភិបាល អាហ្វហ្គានីស្ថាន និងពួកតាលីបង់ ដែលបានផ្តល់ឱ្យនូវសន្ទុះដល់ដំណើរការសន្តិភាព និងការផ្សះផ្សា​គ្នា​ឡើងវិញ នៅអាហ្វហ្គានីស្ថាន ។

លោក Zhang Jun  បាននិយាយថា ចិនអំពាវនាវដល់ភាគីអាហ្វហ្គានីស្ថាន  ទាំងអស់ឱ្យទុកផល ប្រ​យោជន៍ប្រ​ទេស​និងប្រជាជនរបស់ខ្លួនជាដំបូង ចាប់យកឱកាសជាប្រវត្តិសាស្ត្រ ព្រមទាំងចូលរួមនៅ​ក្នុងកិច្ចចរចាក្នុងរង្វង់ប្រជាជនអាហ្វហ្គានីស្ថាន  ដើម្បីធ្វើឱ្យសម្រេចបាននូវក្របខ័ណ្ឌ​នយោបាយមួយដ៏​ធំ ទូ​លាយ នឹងដែលមានរាប់បញ្ចូលឱ្យបានឆាប់រហ័សតាម​ដែលអាចធ្វើបាន ព្រម​ទាំងបើកទ្វារទៅរកការ​ធ្វើការ​ផ្សះ​ផ្សាគ្នាឡើងវិញ ។

លោកបាននស្នើដល់សហគមន៍អន្តរជាតិផងដែរឱ្យជួយអាហ្វហ្គានីស្ថាន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​សង្គម ​ព្រមទាំងធ្វើឱ្យល្អប្រសើរស្ថានការណ៍មនុស្សធម៌ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)