រដ្ឋមន្ត្រីបរិស្ថានកម្ពុជា ថា ក្នុងតំបន់អាស៊ាន គឺមានតែកម្ពុជា និងឥណ្ឌូនេស៊ីប៉ុណ្ណោះ ដែលបានលក់ឥណទានកាបូន

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី ១៧ ១២ ២០១៩៖

រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា អះអាងថា រហូតមកដល់ពេលនេះ ក្នុងតំបន់អាស៊ាន គឺមានតែកម្ពុជា និងឥណ្ឌូនេស៊ីប៉ុណ្ណោះ ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។
ថ្លែងក្នុងពិធីវិធីផ្តល់ប័ណ្ណសរសើរដល់ក្រុមការងាររ៉េដបូក(REDD+)ជាតិនៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៦ ខែធ្នូនេះ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន១១,៦លានដុល្លារអាមេរិកពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney និង Shall និងក្រុមហ៊ុន Gucci»។
ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ថវិកាទាំងអស់ដែលបានមកពីការលក់ឥណទានកាបូននេះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់ការពារ និងអភិរក្សព្រៃឈើ និងអភិវឌ្ឍន៍ជីវភាពសហគមន៍ក្នុងតំបន់ការពារធម្មជាតិក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ដើម្បីធ្វើជាគំរូសម្រាប់ឈានទៅទទួលបានថវិកា«ការទូទាត់ផ្អែកតាមលទ្ធផល» ពីមូលនិធិអាកាសធាតុបៃតងនៃអនុសញ្ញាក្របខណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលគ្រោងនឹងអនុវត្តចាប់ពីឆ្នាំ២០២០ខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងកំពុងតែធ្វើការសិក្សា និងបន្តលក់កាបូននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងបន្ថែមទៀត។
ឯកឧត្តមបន្តថា កម្ពុជានឹងបញ្ចប់ការត្រៀមលក្ខណៈ(REDD+ Readiness) ក្នុងពាក់កណ្តាលឆ្នាំ២០២០ ដើម្បីមានសិទ្ធិដាក់គម្រោងយកថវិកាពីមូលនិធិអាកាសធាតុបៃតង ខណៈក្នុងពេលបច្ចុប្បន្ន កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូកបានល្អដទៃទៀត មានដូចជាម៉ាឡេស៊ី វៀតណាម ឥណ្ឌុនេស៊ី ប្រេស៊ីល អេក្វាទ័រ កូឡំប៊ី ឈីលី ម៉ិកស៊ីកូ កេនយ៉ា។
ផ្អែកតាមកម្រិតយោងព្រៃឈើ (Forest Referral Level) កម្ពុជាអាចផលិតឥណទានកាបូនលើសពី១០លានតោន ក្នុងមួយឆ្នាំ សម្រាប់ទទួលបានថវិកាក្នុងក្របខណ្ឌការទូទាត់ផ្អែកតាមលទ្ធផលពីមូលនិធិអាកាសធាតុបៃតង។
ប្រទេសកម្ពុជាមានព្រៃឈើគ្របដណ្តប់ប្រមាណ៥០ភាគរយ នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ៤១ភាគរយ នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ៧,២លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី២នៅអាស៊ី បន្ទាប់ពីប្រទេសប៊ូតាន។
ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ទេសចរណ៍ធម្មជាតិ និងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ី ក៏អាចផ្តល់នូវឱកាសសម្រាប់អភិវឌ្ឍន៍សកម្មភាពសេដ្ឋកិច្ច និងជួយគាំទ្រដល់ការងារអភិរក្សផងដែរ។
សូមបញ្ជាក់ថា រេដបូក (REDD+: Reducing Emission from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ។ រេដបូកនេះ មានគោលបំណងការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ៕