អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបនឹងរៀបចំការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ នៅថ្ងៃស្អែកនេះ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 17.12.19៖

អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប នឹងរៀបចំការធ្វើលំហាត់ សមយុទ្ធទ្រង់ទ្រាយ ធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំនៅថ្ងៃស្អែកនេះ ដើម្បីវាយតម្លៃលើសមត្ថភាពក្នុងការអនុវត្តនៃប្រព័ន្ធដឹកនាំបញ្ហាគ្រោះអាសន្ន ក្នុងការឆ្លើយតបឧប្បត្តិហេតុគ្រោះថ្នាក់យន្តហោះ និងប្រសិទ្ធភាពនៃការសហការគ្នាក្នុងការដឹកនាំបញ្ជា ។
ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងអាសន្នប្រចាំឆ្នាំលើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ ធ្វើនៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប ស្ថិតនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។ សមយុទ្ធទ្រង់ទ្រាយធំនេះ នឹងមានការដុតប្រេង និងកង់ឡានចាស់ៗ ដើម្បីបង្កើតជាអណ្តាតភ្លើង និងផ្សែងខ្នួលខ្មាញ់ ជាសប្បនិម្មិតនៃការធ្លាក់យន្តហោះ ។
ឯកឧត្តមបានបន្តថា ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ គឺធ្វើតេស្តទៅលើឧបករណ៍រុករកនិងសង្គ្រោះ តេស្តទៅលើការទំនាក់ទំនងរវាងអាកាសយន្តដ្ឋានអន្តរជាតិជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ធ្វើតេស្តលើសមត្ថភាពនៃការបែងចែកជនរងគ្រោះ ការសង្គ្រោះបឋមលើជនរងគ្រោះនៅកន្លែងកើតហេតុមុនពេលបញ្ចូនទៅកាន់មន្ទីរពេទ្យ និងរបៀបនៃការដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗបានទាន់ពេលវេលា ។

ពាក់ព័ន្ធនឹងបញ្ហានេះដោយសារអាកាសចរស៊ីវិលមានការណែនាំពីអង្គការអាកាសចរអន្តរជាតិ ដើម្បីឲ្យប្រលានយន្តហោះនីមួយៗ ធ្វើសមយុទ្ធទ្រង់ទ្រាយធំពាក់ពន្ធ័នឹងការរុករកនិងសង្គ្រោះយន្តហោះនៅពេលមានឧប្បត្តិហេតុ។ គោលបំណងនៃការធ្វើនេះ ទី១គឺពាក់ព័ន្ធនឹងការទំនាក់ទំនង ទី២ពាក់ព័ន្ធនឹងការឆ្លើយតប ទី៣គឺដើម្បីរកឲ្យឃើញនៅកង្វះខាតរបស់អាកាសយន្តដ្ឋាននីមួយៗដើម្បីបំពេញបន្ថែម ។
ឯកឧត្តម បានអំពាវនាវដល់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង អភិបាលនៃគណៈអភិបាលក្រុងសៀមរាប មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចូលរួមសហការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅ ឲ្យបានដឹងពីព័ត៌មាននេះ ដើម្បីជៀសវាងនូវការភ្ញាក់ផ្អើល និងការភាន់ច្រឡំផ្សេងៗ ៕