រដ្ឋបាលរាជធានីភ្នំពេញប្រកាសជួសជុលជាន់ឡៅតឿផ្សារអូរឬស្សីឡើងវិញជាបន្ទាន់ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ ដោយ​ លោក​ ហុក​ សុខរិន​៖

រដ្ឋរាជធានីភ្នំពេញប្រកាសជួសជុលជាន់ឡៅតឿផ្សារអូរឬស្សីឡើងវិញជាបន្ទាន់ ដើម្បីការពារសុវត្ថិភាពអាជីវករនិងប្រជាពលរដ្ឋ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលចុះហត្ថលេខាដោយ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលវិទ្យុជាតិកម្ពុជាទទួឡបាននៅថ្ងៃទី១៧ខែធ្នូនេះ បានជម្រាបជូនដល់សាធារណជន និងបងប្អូនអាជីវករនៅក្នុងផ្សារអូរឫស្សីទាំងអស់ឱ្យបានជ្រាបថា បច្ចុប្បន្នសំណង់អាគារផ្សារអូរប្ញស្សីមានលក្ខណៈរឹងមាំនិងមានគុណភាពប្រើប្រាស់យូរអង្វែង ដោយឡែកតែសំណង់ឡៅតឿប៉ុណ្ណោះដែលមានសភាពបែកប្រេះស្រាំដោយអន្លើ។
រដ្ឋបាលរាជធានីភ្នំពេញបានអៈអាងថា ប្រសិនបើសំណង់ឡៅតឿននេះទុកយូរបន្តទៀត អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាពិសេសអាជីវករលក់ដូរក្នុងផ្សារ អតិថិជន និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញបានបញ្ជាក់ថា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងចៀសវាងរាល់ហានិភ័យដែលកើតមានឡើងជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យបងប្អូនអាជីវករដែលកំពុងលក់ដូរនៅលើឡៅតឿក្រោមឡៅតឿ និងជុំវិញបរិវេណទីតាំងនេះទាំងអស់ ផ្ទេរការលក់ដូរជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី ទៅទីតាំងថ្មីនៅក្រៅផ្សារតាមកាលបរិច្ឆេទដែលបានគ្រោងទុក ដើម្បីបង្កលក្ខណៈឱ្យក្រមការងារបច្ចេកទេសសំណង់ ធ្វើការជួសជុលឡើងវិញជាបន្ទាន់ និងឆាប់រួចរាល់។ សេចក្តីជូនដំណឹងបានសន្យាថា នៅពេលជួសជុលរួចរាល់ នឹងបើកឲ្យអាជីវករចូលមកលក់ដូរនៅកន្លែងដើមវិញហើយធានា បានសុវត្ថិភាព និងសោភ័ណភាព។
រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមទុកជាមុនថា សាធារណជន និងបងប្អូនអាជីវករ
នៅក្នុងផ្សារអូរឫស្សីទាំងអស់ បានយល់ពីស្ថានភាពជាក់ស្តែងនេះ និងសហការចូលរួមអនុវត្ត
សេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។