គណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា គ្រោងទៅបំពេញទស្សនកិច្ចផ្លូវនៅវៀតណាមរយៈពេល៥ថ្ងៃ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ១៧ ១២ ២០១៦ ៖

គណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៥ថ្ងៃ ដើម្បីរឹតចំណងសាមគ្គីភាពនៃវិស័យការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ នឹងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទុំ ស៊ីនលិច រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។
សេចក្ដីប្រកាសបានបន្តថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ ក្នុងរដ្ឋធានីហាណូយ សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូ នឹងអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងចូលរួមក្នុងពិធីចុះហត្ថលេខាលើពិធីសារ ឆ្នាំ២០២០-២០២៤ និងផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងការពារប្រទេសទាំង២ កម្ពុជា-វៀតណាម។
ក្រៅពីនេះ គណៈប្រតិភូ ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រីភាគី កម្ពុជា-វៀតណាម-ឡាវ និងចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម នៅទីស្តីការក្រសួងការពារប្រទេសវៀតណាម ក្នុងរដ្ឋធានីហាណូយ ផងដែរ៕