ចិនទទូចដល់សហរដ្ឋអាមេរិកឱ្យកែប្រែកំហុសរបស់ខ្លួនក្នុងការបណ្តេញអ្នកការទូតរបស់ខ្លួន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីប៊ីអេស (១៧.១២.១៩)

ចិន៖ កាលពីថ្ងៃចន្ទប្រទេសចិនបាននិយាយថាការបណ្តេញអ្នកការទូតចិនចេញពីសហរដ្ឋអាមេរិកគឺជាកំហុសមួយបន្ទាប់ពីមានសេចក្តីរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោនបានបណ្តេញមន្រ្តីស្ថានទូតចិនចំនួនពីរនាក់ដោយស្ងាត់ស្ងៀមនៅក្នុងខែកញ្ញាកន្លងមកនេះបន្ទាប់ពីពួកគេបានបើកឡានចូលមូលដ្ឋានយោធាដ៏សំខាន់មួយនៅក្នុងរដ្ឋវឺហ្សីណា (Virginia) ។

នេះគឺជាការប៉ះទង្គិចគ្នាថ្មីបំផុតរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោកហើយបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសទាំងពីរបានធ្វើកិច្ចព្រមព្រៀងក្នុងការកាត់បន្ថយពន្ធមួយចំនួននៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងតែពុះកញ្ជ្រោល ។

លើសេចក្តីរាយការណ៍របស់កាសែតញូវយ៉កថែមស៍អ្នកនាំពាក្យក្រសួងការបរទេសចិន​ បាននិយាយថាការចោទប្រកាន់នេះគឺផ្ទុយពីការពិតទាំងស្រុងហើយលោកនៅតែទទូចដល់សហរដ្ឋអាមេរិកឱ្យកែប្រែកំហុសរបស់ខ្លួន។