ចិនប្តេជ្ញាបន្តគាំទ្រដល់មេដឹកនាំហុងកុងទោះស្ថិតក្នុងស្ថានភាពលំបាកបំផុតក៏ដោយ

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


លោក ស៊ី ជីនពីង ប្រធានាធិបតីចិនបានជួបពិភាក្សាជាមួយលោកស្រី ខារី ឡាំ មេដឹកនាំក្រុងហុងកុងនៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទម្សិលមិញដោយទទួលស្គាល់នូវភាពក្លាហានរបស់លោកស្រីក្នុងការគ្រប់គ្រងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះទោះស្ថិតក្នុងគ្រាលំបាកបំផុត។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃចន្ទទី ១៦ ខែធ្នូ ឆ្នាំ២០១៩។
លោកប្រធានាធិបតីចិនបានមានប្រសាសន៍ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមុនពេលបើកកិច្ចប្រជុំបិទទ្វារថា ស្ថានភាពនៅហុងកុងក្នុងឆ្នាំ ២០១៩ គឺស្មុគស្មាញនិងលំបាកបំផុត។លោកស៊ីប្រាប់ទៅលោកស្រីខារីឡាំថា ចិននៅតែបន្តគាំទ្រឥតងាករេចំពោះកាដឹកនាំ និងគ្រប់គ្រងរដ្ឋបាលពិសេសហុងកុង ស្របតាមច្បាប់ ជាពិសេសចំណាត់ការស្របច្បាប់របស់ប៉ូលីសហុងកុងដែលប្រកាន់ខ្ជាប់កន្លងមក។
ការប្រជុំរបស់លោកស្រីខារីឡាំកើតឡើងបន្ទាប់ពីប៉ូលីសហុងកុងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងការប៉ះទង្គិចគ្នានៅតាមផ្លូវយប់ជ្រៅជាមួយក្រុមបាតុករកាលពីថ្ងៃអាទិត្យខណៈដែលវិបត្តិនយោបាយដ៏អាក្រក់បំផុតរបស់អតីតដែនដីអាណានិគមអង់គ្លេសមួយនេះបានអូសបន្លាយដល់ខែទី ៧ហើយ។
សូមបញ្ជាក់ថា ចាប់តាំងពីខែមិថុនាមក ទីក្រុងហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អាស៊ី ត្រូវបានក្តោបក្តាប់ ដោយការកើនឡើង នៃអំពើហិង្សា និងកុប្បកម្ម។មនុស្សជាង៦,០០០នាក់ ក្នុងនោះប្រមាណ៤០ភាគរយ នៃពួកគេ គឺជាសិស្ស-និស្សិត ត្រូវបានប៉ូលិសចាប់ខ្លួន នៅក្នុងប្រតិបត្តិការរក្សាសន្តិសុខ ចាប់តាំងពីមានការតវ៉ា និងកុប្បកម្ម ជាច្រើនលើក ដែលបានចាប់ផ្តើមឡើង នៅក្នុងទីក្រុងហុងកុង អស់រយៈពេល៦ខែកន្លងទៅ នេះបើតាមការបញ្ជាក់ ពីប៉ូលិសហុងកុង៕
ប្រភព៖ សារព័ត៌មាន Channel News Asia