អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ មានវិធានការក្តៅចំពោះ រថយន្តធំៗ ដែលបំផ្លាញផ្លូវនៅក្នុងមូលដ្ឋាន ហើយបើធ្វើឱ្យខូច ត្រូវតែធ្វើសងវិញ

AKP ភ្នំពេញ ថ្ងៃទី១៦​ ខែធ្នូ ឆ្នាំ២០១៩ — អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់មាន វិធានការក្តៅចំពោះរថយន្តធំៗដឹកដី បំផ្លាញផ្លូវសាធារណៈនៅក្នុងមូលដ្ឋានខណ្ឌ ដោយត្រូវ មានវិធានការឱ្យបានម៉ឺងម៉ាត់ ក្នុងនោះ បើរថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុនណាមួយបំផ្លាញផ្លូវ​ត្រូវតែ​ឱ្យ​ក្រុមហ៊ុននោះ​ធ្វើការជួសជុលផ្លូវដែលខូចនោះឡើងវិញ។ ការលើកឡើងរបស់​ឯកឧត្ដម អភិបាលរាជធានីភ្នំពេញនេះ បានធ្វើឡើងកាលពីចុងសប្ដាហ៍​កន្លង​ទៅនេះ ក្នុងកិច្ច​ប្រជុំ​ក្រុមការ ងារចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ ប្រចាំខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្ដម ឃួង ស្រេង បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាយើងគឺជាប្រទេសដែល​កំពុងតែធ្វើការអភិវឌ្ឍ ដូច្នេះទេ យើងមិនអាចហាមប្រាមមិនឱ្យរថយន្តដឹកទំនិញ ដឹកដែក ដឹកស៊ីម៉ង់តិ៍ ដឹកដី ធ្វើចរាចរណ៍នោះទេ។ ប៉ុន្តែយើងត្រូវតែគ្រប់គ្រងឱ្យបានល្អលើការ​ដឹក​ជញ្ជូននេះ ពោលគឺ បើរថយន្តក្រុមហ៊ុនណាដែលដឹកបំផ្លិចបំផ្លាញផ្លូវ ក្រុម ហ៊ុននោះ​ត្រូវតែទទួលខុសត្រូវលើការ ស្ថាបនាជួសជុលផ្លូវនោះឱ្យបានស្អាតឡើងវិញចៀសវាងការ​ថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។  ឯកឧត្ដមអភិបាលបានណែនាំដល់អាជ្ញាធរ ត្រូវបម្រើប្រជាពលរដ្ឋ ឱ្យបានល្អ បើយើង អនុវត្តន៍ការងារបម្រើប្រជាពលរដ្ឋមិនបានដល់កម្រិត​ដែលប្រជាពល​រដ្ឋ​ចង់បានទេ នោះបញ្ហាប្រឈមនឹងកើតមកលើខ្លួនយើងវិញហើយ។ ដូច្នេះទេ ត្រូវតែខិតខំ​បំពេញការងារនេះឱ្យបានល្អដើម្បីទទួលបាននូវការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ។

អភិបាលខណ្ឌព្រែកព្នៅ លោក សុខ សម្បត្តិ បានលើកឡើងថា ជាទិសដៅ​និងការងារ​របស់រដ្ឋបាលខណ្ឌព្រែកព្នៅ ដែលបាននិងកំពុងធ្វើ គឺការរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់​ធ្នាប់ល្អជូនប្រជាពលរដ្ឋ ការបម្រើសេវាឱ្យនៅកៀក និងជិតជាមួយពួកគាត់ ការកសាងហេដ្ឋា​រចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ដូចជាផ្លូវថ្នល់ លូទឹក ជាដើម៕

ដោយ សួស សំរិត