ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីបើកវគ្គបណ្តុះបណ្តាលលើកកម្ពស់ភាពអង់អាចដល់ស្រ្តី មកពី២២ ក្រសួង ស្ថាប័ន

វិទ្យុជាតិកម្ពុជា លោក អ៊ឹម ភិរក្សនារីរតន:

កំពង់ចាម៖ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីបើកវគ្គបណ្តុះបណ្តាលលើកកម្ពស់ភាពអង់អាចដល់ស្រ្តី មកពី២២ ក្រសួង ស្ថាប័ន ដើម្បីបង្កើនចំណេះដឹងជាមូលដ្ឋានស្តីពីការតាមដាន និងវាយតម្លៃ សមត្ថភាពស្រ្តីនៅ តាមក្រសួងស្ថាប័នរបស់ខ្លួនឲ្យមានឱកាសនិងតួនាទីក្នុងការធ្វើសេចក្តិសម្រេចចិត្ត។
ថ្លែងក្នុងកម្មវិធីបណ្ដុះបណ្ដាលស្ដីពីជំនាញក្នុងការអនុវត្តវិធីសាស្ត្រវិទ្យាសាស្ត្រតាមដាននិងវាយតម្លៃគំរោង/កម្មវិធី នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នៅសណ្ឋាគារ៧មករា ខេត្តកំពង់ចាមលោកជំទាវ ប៊ុនឈិត វាសនា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី(ក.ជ.ក.ស) បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទឱ្យមានប្រសិទ្ធភាព ព្រោះស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ច និងសង្គមផងដែរ។ លោកជំទាវ បន្តថា តាមរយ:វគ្គបណ្តុះបណ្តាលនេះ នឹងទទួលបាននៅសមត្ថភាពទាំងចំណេះ ជំនាញពិតប្រាកដ ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំ អភិវឌ្ឍន៍ ក្នុងអង្គភាព ស្ថាប័នរបស់រដ្ឋក៍ដូចជាវិស័យឯកជន ព្រោះថាស្រ្តីជាឆ្អឹងខ្នងដ៍មានសារៈសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲមានភាពរីកចំរើន ។

សូមបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលស្ដីពី ជំនាញក្នុងការអនុវត្តវិធីសាស្ត្រវិទ្យាសាស្រ្តតាមដាន និងវាយតម្លៃគំរោង/កម្មវិធី ដែរមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តកំពង់ចាមដែលមានមន្រ្តីជំនាញចូលរួមជាច្រើននាក់ មកពីក្រសួង ស្ថាប័ន ចំនួន២២ អង្គភាព៕