ប្រធានព្រឹទ្ធសភាអំពាវនាវដល់ពុទ្ធសាសនិកឲ្យគោរពប្រតិបត្តិព្រះពុទ្ធសាសនាឲ្យបានខ្ជាប់ខ្ជួន

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

MC៖ ប្រធានព្រឹទ្ធសភាអំពាវនាវដល់ពុទ្ធសាសនិកជនទំាងអស់ឲ្យគោរពប្រតិបត្តិព្រះពុទ្ធសាសនាឲ្យបានខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់វិស័យសាសនារបស់រដ្ឋឲ្យកាន់តែមានការរីកចម្រើន និងស្ថិតស្ថេរគង់វង្ស សមស្របទៅនឹងការរីកចម្រើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ន។

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានអៈអាងថា ការរួមគ្នាប្រតិបត្តិតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងឱ្យបានខ្ជាប់ខ្លួនមានសារៈសំខាន់ណាស់ ដែលរួមចំណែកធ្វើឲ្យសង្គមជាតិមានសុខសន្តិភាព និងគ្មានអំពើហិង្សា ខណៈសាសនានេះបានអប់រំ ប្រៀនប្រដៅមនុស្សអោយធ្វើតែអំពើល្អ វៀចាកពីអំពើអបាយមុខមួយចំនួនដែលសង្គមស្អប់ ខ្ពើម។

ថ្លែងក្នុងពិធីបើកអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨ នៅថ្ងៃទី ១៦ ខែធ្នូ នៅសាលសន្និសិទចតុមុខ សម្ដេចវិបុលសេនាភក្ដីបានបញ្ជាក់ថា បច្ចុប្បន្ននេះ ព្រះពុទ្ធសាសនា បានអប់រំដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសសិស្សានុសិស្ស ជាកុលបុត្រកុលធីតាខ្មែរ ឲ្យជៀសផុតពីអបាយមុខការប្រើប្រាស់គ្រឿងញៀនក្មេងទំនើង ការជួញដូរកុមារ អំពើហិង្សាក្នុងគ្រួសារ និងជៀសផុតពីជំងឺអេដស៍ជាដើម។
សម្ដេចបន្ដថា ការីកចំរើនរបស់សង្គមនេះ គឺជាការរួមចំណែកដ៏ក្រៃលែងរបស់ព្រះពុទ្ធសាសនា ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិមួយប្រកបដោយចីរភាព សេចក្តីថ្លៃថ្នូរ សុខសន្តិភាព និងសម្បូរទៅដោយធនធានមនុស្ស ប្រកបដោយគុណភាពពិតប្រាកដ។

ឯកឧត្តម ប្លោក ផន រដ្ឋមន្រ្តីស្តីទីក្រសួងធម្មការ និងសាសនាបានថ្លែងថាចាប់តំាងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងគណៈមហានិកាយនិងធម្មយុត្តិកនិកាយផងដែរ។ឯកឧត្តមបន្តថា ចំពោះវិស័យពុទ្ធិកសិក្សាវិញ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយបានបណ្តុះបណ្តាលព្រះសង្ឃ តាំងពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សាថែមទៀតផង។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលតែងបំពេញកាតព្វកិច្ចគោរពសិទ្ធិសេរីភាពខាងជំនឿ និងសាសនានិងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបង្កលក្ខណៈសម្បត្តិល្អងាយស្រួលដល់សកម្មភាពនៃសាសនាផ្សេងៗ ឲ្យមានការអភិវឌ្ឍដោយចេះសហការសាមគ្គីគ្នាយ៉ាងជិតស្និទ្ធ ស្មោះត្រង់ តាមគោលការណ៍គោរពគ្នា អធ្យាស្រ័យគ្នាយោគយល់គ្នា ដើម្បីសាមគ្គីភាព សុខដុមនីយកម្មសាសនាក៏ដូចជាការថែរក្សាសាមគ្គីភាពរវាងប្រជាជនស្ថេរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គម ដោយគ្មានការរើសអើង និងការបែងចែកក្នុងសង្គម ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា ៕