ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់ទៅលើបញ្ហាជំងឺឆ្លង ផ្សេងៗ ជាពិសេសជំងឺដែលអាចកើតមានឡើងដោយសារការប្រែប្រួលអាកាសធាតុ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា

MC៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជំរុញឲ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់ទៅលើបញ្ហាជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺដែលអាចកើតមានឡើងដោយសារការប្រែប្រួលអាកាសធាតុ ធ្វើយ៉ាងណាកុំឲ្យមានការរីករាលដាលនូវជំងឺថ្មីៗបន្ថែមទៀត។ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន ២,៥៨៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ បានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យទាំងអស់ ទាំងមានជំនាញនៅក្នុងស្រុក និងបញ្ចប់ការសិក្សានៅក្រៅប្រទេស ត្រូវបន្តសិក្សាស្វែងយល់ ដើម្បីបង្កើនចំណេះដឹងបន្ថែម ដើរឲ្យទាន់សភាពការណ៍វិវត្តន៍ ព្រោះបច្ចុប្បន្ន ពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ ដូច្នេះកុំឲ្យមានជម្ងឺកាចសាហាវណាមួយកើតមានឡើង នៅក្នុងប្រទេសរបស់យើង។ជាក់ស្តែង កាលពីពេលថ្មីៗនេះ មានជំងឺប៉េសជ្រូកអាហ្វ្រិកកើតមានឡើង ដែលបានឆ្លងរាលដាលនៅក្នុងប្រទេសមួយចំនួន រួមទាំងកម្ពុជាផងដែរ ដែលធ្វើឲ្យ ប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងខាតបង់ថវិកា ដូច្នេះក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ ទាំងជំងឺចាស់ និងចូលរួមទប់ស្កាត់ការវិវត្តជំងឺថ្មីៗ។
សំឡេង«ទន្ទឹមនឹងនេះបានដាក់ចេញគោលការណ៍ដោះស្រាយបញ្ហាជម្ងឺឆ្លងមួយចំនួន។ឧទាហរណ៍យើងដាក់ចេញនូវផែនការលុបបំបាត់ជម្ងឺគ្រុនចាញ់នៅក្នុងឆ្នាំ ២០២៥ និងជម្ងឺដទៃទៀតកំណត់គោលដៅនៃការអនុវត្តផែនការសុខាភិបាលរបស់យើង។ អញ្ជឹងទេស្ថានភាពទាំងអស់នេះរបស់យើងត្រូវបន្តទៅលើបញ្ហាជម្ងឺចាស់ទន្ទឹមនឹងជម្ងឺថ្មីមួយចំនួនបានកើតឡើង ដូចជានៅប្រទេសអាហ្វ្រិកជម្ងឺអេបូឡា ជម្ងឺកើតឡើងនៅប្រទេសនេះនៅប្រទេសនោះ។ទាំងអស់នេះហើយបានជាវិស័យសុខាភិបាលរបស់យើងមិនមែនធ្វើសកម្មភាពមិនត្រឹមក្នុងមន្ទីរពេទ្យទេ ធ្វើសកម្មតាំងពីកន្លែង ច្រកចេញចូល ត្រូវមានប្រដាប់គ្រប់គ្រងយ៉ាងមិចអ្នកណាមានជម្ងឺសារ ជម្ងឺគ្រុនជ្រូកត្រូវគ្រប់គ្រងទាំងអស់ណ្នឹង ដើម្បីធនាកុំឲ្យមានជម្ងឺឆ្លង ចូលរួមគ្រប់វិស័យរាប់ទាំងវិស័យកសិកម្មផងដែរទាក់ទងទៅនិងជម្ងឺឆ្លងទប់ស្កាត់ជម្ងឺគ្រុនផ្តាសាយបក្សីនៅកន្លែងណ្នឹងត្រូវដាក់តំបន់ការពារភ្លាមបើជម្ងឺប៉េសជ្រូកត្រូវដាក់កន្លែងការពារភ្លាម ដើម្បីត្រួតសភាពការកុំឲ្យវាឆ្លងរាលដាលទូទាំងប្រទេសនេះជាកម្រិតដែលយើងខិតខំទាំងអស់គ្នា៕