រដ្ឋបាលខេត្តកំពតប្រកាសផ្អាកការធ្វើចរាចរណ៍រថយន្តដឹកដីធំៗគ្រប់ប្រភេទចាប់ពីពេលនេះរហូតដល់បុណ្យសមុទ្ររួចរាល់

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
Mc ៖ រដ្ឋបាលខេត្តកំពតប្រកាសផ្អាកការធ្វើចរាចរណ៍រថយន្តដឹកដីធំៗគ្រប់ប្រភេទនៅក្នុងភូមិសាស្រ្តរបស់ខ្លួនចាប់ពីពេលនេះរហូតដល់ បុណ្យសមុទ្ររួចរាល់ដើម្បីបង្កលក្ខណះងាយស្រួលដល់ការរៀបចំកែលម្អហេដ្ឋារចនាសម្ពន្ធ័ និងរក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យសមុទ្រនាពេលខាងមុខនេះ ។

លោក វុធ វឌ្ឍនា ប្រធានរដ្ឋបាលសាលាខេត្តកំពត បានមានប្រសាសន៏ប្រាប់វិទ្យុជាតិកម្ពុជាថា រដ្ឋបាលខេត្តចាប់ផ្តើមហាមឃាតរថយន្តដឹកដីធំៗ លែងឲ្យធ្វើសកម្មភាពដឹកដីទៅចាក់នៅតាមដីឡូតិ៍ និងដីលំនៅដ្ឋានផ្សេងៗនៅក្នុងក្រុងកំពត និងស្រុកទឹកឈូ ចាប់ពីពេលនេះ រហូតដល់ពិធីបុណ្យសមុទ្របញ្ចប់ជាស្ថាពរ ។
លោកបានបន្តថា រដ្ឋបាលខេត្តកំពត បានអញ្ជើញម្ចាស់អាជីវកម្មដឹកដី មកធ្វើការជូនដំណឹងពីការផ្អាកសកម្មភាពដឹកដីទាំងអស់នេះរួចរាល់ហើយ ក្នុងគោលបំណងរក្សានូវ សុខសុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ សំរាប់ការរៀបចំហេដ្ឋារចនាសម្ពន្ធ័នានាក្នុងខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ។

រដ្ឋបាលខេត្តយើងមានបេសកកម្មក្នុងការរៀបចំពិធីបុណ្យសមុទ្រនៅពេលខាងមុខនេះចឹងឯកឧត្តមអភិបាលខេត្តលោកបានអញ្ជើញបងប្អូនអាជីវករដែលគាត់រកទទួលទានទៅលើការដឹកដីក៏គាត់បានមកជួបជាមួយខេត្តដែលព្រោះរថយន្តដឹកដីនេះវាធ្វើឲ្យមានការកំពុប ការប្រលាក់ ហើយនឹងមានការរំខានដល់ការធ្វើចរាចរណ៍ ជាពិសេសបង្កឲ្យមានការស្ទះផ្លូវជាដើម ដោយហេតុនេះហើយទើបបានជាយើងសុំឲ្យគាត់ផ្អាកជាបណ្តោះអាសន្នសិន ដើម្បីឲ្យយើងអាចលាងសំអាតដីចេញពីថ្នល់ចឹងយើងសុំឲ្យផ្អាកសិន។
សូមបញ្ជាក់ថា កម្មវិធីបុណ្យសមុទ្រលើកទី៨ជុំទី២ នឹងប្រារព្ធធ្វើនៅខេត្តកំពត ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕