ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី សហការគ្នារៀបចំវេទិកាពិភាក្សាពី អ្នកសារព័ត៌មានស្ដ្រី បញ្ហាប្រឈម និងអំពើហិង្សា

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ
MC៖ ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី រួមគ្នារៀបចំវេទិកាពិភាក្សាពី អ្នកសារព័ត៌មានស្ដ្រី បញ្ហាប្រឈម និងអំពើហិង្សា ដើម្បីលើកកម្ពស់ស្រ្តីឲ្យចូលរួមក្នុងកិច្ចការសង្គមកាន់តែច្រើន ជៀសផុតពីការរំលោភបំពាន។

ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានបានលើកឡើងនៅក្នុងវេទិកាពិភាក្សា ក្រោមប្រធានបទ អ្នកសារព័ត៌មានស្ដ្រី បញ្ហប្រឈម និងអំពើហិង្សា នៅភោជនីយដ្ឋានទន្លេបាសាក់២ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩នេះថា ការរៀបចំនូវវេទិកានេះឡើង ក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក និងធ្វើយ៉ាងណាជំរុញឲ្យអ្នកសារព័ត៌មានជាស្ដ្រីជៀសផុតពីការរំលោភបំពាននូវបញ្ហាទាំងឡាយ ជាពិសេសធ្វើឲ្យពួកគាត់កាន់តែមានទំនុកចិត្តជាងមុនដើម្បីបំពេញការងារឲ្យបានល្អ ដោយមិនមានការព្រួយបារម្ភទៅលើការរំលោភបំពាននោះឡើយ។
ឯកឧត្តម បញ្ជាក់ថា រហូតមកដល់ពេលនេះពុំទាន់មានរបាយការណ៍ណាមួយ បញ្ជាក់ថា មានការរំលោភបំពាន លើអ្នកសារព័ត៌មានស្ដ្រីនោះទេ។
សំឡេង៖ តាមពិតទៅយើង ២,៣ឆ្នាំមុនក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី យើងបានចេញប្រកាសរួមនិយាយអំពីក្រុមប្រតិបត្តិសំរាប់ ផ្សព្វផ្សាយរាយការណ៍អំពីអំពើហិង្សាលើស្ដ្រី នេះគឹជាកិច្ចប្រឹងប្រែងរួមរវាងក្រសួងទាំងពីរ ធ្វើយ៉ាងណាយើងការពារអត្ថប្រយោជន៍សំរាប់ស្ដ្រី ហើយពីមុនមក៣ឆ្នាំជាងនេះ យើងបានក៏បានធ្វើសិក្ខាសាលាជាបន្ដបន្ទាប់ ដើម្បីបញ្ជ្រាបការយល់ដឹងនេះក្នុងចំណោមអ្នកសារព័ត៌មាន ក្នុងចំណោមនិស្សិតសារព័ត៌មានដូចជានៅ ឌីអឹមស៊ីអញ្ចឹង ហើយហ្នឹងក្នុងចំណោមសិល្បះករសិល្បះការិនីទៀតផង។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុក គឹមសេង បានបន្ថែមថា ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី នឹងព្យាយាមធ្វើយ៉ាងណាដើម្បីបញ្ជ្រាបចំណេះដឹងដល់អ្នកសារព័ត៌មានឲ្យបានទូលំទូលាយពីបញ្ហាការរំលោភបំពាន និងការប្រើប្រាស់ហិង្សាលើស្ដ្រី តាមរយៈការបើកសិក្ខាសាលា ដើម្បីជំរុញឲ្យពួកគាត់កាន់តែមានការយល់ដឹងបន្ថែម។
លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានឲ្យដឹងថា បច្ចុប្បន្នស្ត្រី និងក្មេងស្រី នៅតែប្រឈមនឹងការទទួលរងអំពើហិង្សាផ្លូវកាយ ផ្លូវភេទ ផ្លូវចិត្ត និងសេដ្ឋកិច្ច ដែលអំពើហិង្សាទាំងនោះអាចកើតមានទាំងនៅក្នុងផ្ទះ នៅកន្លែងធ្វើការ និងក្នុងសហគមន៍ ។លោកជំទាវ បន្តថាគ្រប់ទម្រង់នៃអំពើហិង្សាទាំងនោះអាចកើតឡើងដោយមិនគិតពីកម្រិតនៃប្រាក់ចំណូល និងកម្រិតវប្បធម៌ឡើយ ភាគច្រើន គឺអំពើហិង្សាក្នុងគ្រួសារ (អំពើហិង្សាពីដៃគូស្និទ្ធស្នាល) និងអំពើហិង្សាផ្លូវភេទ។
លោកជំទាវ បានបន្ថែមថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពខ្ពស់ ក្នុងការបង្ការទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើស្តី និងអំពើហិង្សាក្នុងគ្រួសារ ដោយបានដាក់ក្នុងយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល។
សំឡេង៖ ដើម្បីអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី ឱ្យបានគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាព ព្រមទាំងការលុបបំបាត់នូវផ្នត់គំនិតនៃភេទ ទាក់ទងនឹងអំពើហិង្សាប្រឆាំងនឹងស្ត្រីគឺមិនមែនមានតែអង្គភាពផ្សព្វផ្សាយមួយ ឬពីរប៉ុណ្ណោះទេ ការងារនេះតម្រូវឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើការប្តេជ្ញាចិត្តខ្ពស់ដើម្បីរួមគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ដើម្បីរួមចំណែកក្នុងការកាត់បន្ថយអំពើហិង្សា ការម៉ាក់ងាយនិងការរើសអើង ទៅលើស្ត្រីគ្រប់រូបភាព ។
សូមបញ្ជាក់ថា តាមរបាយការណ៍នៃការអង្កេតស្តីពីប្រជាសាស្ត្រ និងសុខភាពឆ្នាំ២០១៤ បានបង្ហាញថា ស្ត្រី១នាក់ក្នុងចំណោម៥នាក់ ដែលមានអាយុពី១៥ទៅ៤៩ ឆ្នាំ បានធ្លាប់រងគ្រោះដោយអំពើហិង្សាលើរាងកាយយ៉ាងហោចណាស់ម្តងចាប់តាំងពីគាត់មានអាយុ១៥ឆ្នាំ ហើយ៩% បានទទួលរងអំពើហិង្សាលើរាងកាយក្នុងរយៈពេល១២ខែចុងក្រោយមុនការធ្វើអង្កេត។ ស្ត្រីធ្លាប់រៀបការដែលមានអាយុពី១៥ ទៅ៤៩ឆ្នាំ ចំនួន ៤៩% បានធ្លាប់ទទួលរងគ្រោះដោយអំពើហិង្សាលើរាងកាយឬផ្លូវភេទពីប្ដីរបស់ខ្លួន និង ស្តីប្រហែល២នាក់ក្នុងចំណោមស្ត្រី៥នាក់បានសុំជំនួយ ដើម្បីបញ្ឈប់អំពើហិង្សាដែលពួកគេបានរងគ្រោះប៉ុន្តែមានតែ២៤% ប៉ុណ្ណោះដែលបានស្វែងរកជំនួយពីសេវាផ្លូវការ។