កិច្ចចរចាធាតុអាកាស អ.ស.ប បានបញ្ចប់បន្ទាប់ពីពន្យារយ៉ាងយូរ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩​ — សន្និសីទការផ្លាស់ប្តូរធាតុអាកាស ( COP25 ) អ.ស.ប បានបញ្ចប់កាលពីថ្ងៃអាទិត្យបន្ទាប់ពីការពន្យារអស់ពេលយ៉ាងយូរ ដែលមិនធ្លាប់មានពីមុនមក នៅពេលដែលពួកអ្នកចរចាមិនបានសម្រេចកិច្ចព្រមព្រៀងគ្នាណាមួយលើមាត្រា​៦ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ ២០១៥ អំពីភាពលំអិតនៃយន្តការទីផ្សារកាបោន ។

កិច្ចចរចាត្រូវបានគេគ្រោងបញ្ចប់កាលពីថ្ងៃសុក្រ ប៉ុន្តែបានបន្តរហូតដល់ថ្ងៃសៅរ៍  នឹងចូលទៅដល់ព្រឹមថ្ងៃអាទិត្យ ។ ជាមួយការពន្យារពេលជាង ៤០ ម៉ោងនេះវាជា COP ដ៏យូរបំផុតនៅក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានគេពន្យារពេលដោយសារតែការពិភាក្សាគ្នាយ៉ាងតឹងតែងនោះ​  ។

លោកស្រី Carolina Schmidt ប្រធាន COP25 និងជារដ្ឋមន្ត្រីបរិស្ថានប្រទេសស៊ីលី បាននិយាយនៅឯសម័យប្រជុំបិទដែលកំពុងប្រព្រឹត្តិទៅនៃព្រឹត្តិការណ៍នេះថា យើងបានធ្វើកិច្ចចរចាច្រើនណាស់រហូតដល់ យប់ជ្រៅដោយគ្មានបានដេករាល់យប់ ។

ជាងពីរសប្តាហ៍កន្លងទៅនេះ គណប្រតិភូមកពីបណ្តាប្រទេសជិត ២០០បានផ្តោតទៅលើមាត្រា ៦ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ ២០១៥  ដែលប្រហែលជាមានភាពលំអិតខាងបច្ចេកទេសខ្លះ នៃការអនុវត្តកិច្ចព្រមព្រៀងនេះ នៅក្នុងការកសាងយន្តការទីផ្សារជាពិសេសទីផ្សារកាបោន ជាសកល​ ។

នៅឯសម័យប្រជុំបិទនេះ គណប្រតិភូភាគច្រើនបានសំដែងការសោកស្តាយ ឬ ការរសាយចិត្តរបស់ ពួកគេពីការមិនបានសម្រេចកិច្ចព្រមព្រៀងគ្នាមួយលើមាត្រា៦នេះ ។ កិច្ចការនេះនឹងត្រូវបានគេទុក  សម្រាប់ធ្វើការពិភាក្សាគ្នា ថែមទៀតនៅឯសមាជ COP25 នាពេលខាងមុខដែលនឹងត្រូវគេធ្វើនៅ Glasgow  ឆ្នាំ ខាងមុខ  ។

បណ្តាប្រទេសដែលចូលរួមក៏មានការមិនចុះសម្រុងគ្នាផងដែរនៅក្នុងមហិច្ឆតា នៃការដោះស្រាយការផ្លាស់ប្តូរធាតុអាកាស នៅពេលដែលប្រទេសខ្លះ ចង់ឱ្យមានគោលដៅ ដែលមានមហិច្ឆតា ថែមទៀត ប៉ុន្តែប្រទេសខ្លះទៀតចង់ប្រកាន់ខ្ជាប់នូវគោលដៅ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស៕

(ប្រភព ស៊ីនហួ  បកប្រែដោយលោក ប៉ិនមឿន )