អ្នកការទូតកំពូលរបស់កូរ៉េខាងត្បូង នឹងជប៉ុនធ្វើកិច្ចចរចានៅអេស្ប៉ាញ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ — ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយថា អ្នកការទូតកំពូលនៃប្រទេស​កូរ៉េខាងត្បូង នឹងជប៉ុនបានបើកកិច្ចពិភាក្សាមួយទល់មួយ​នៅខាងក្រៅកិច្ចប្រជុំពហុភាគី នៅ​ប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យ(ម៉ោងនៅអេស្ប៉ាញ) ហើយបានពិភាក្សាលើបញ្ហាទ្វេភាគី​សំខាន់ៗដែលទាក់ទងនិងបញ្ហាពាណិជ្ជកម្ម នឹងប្រវត្តិសាស្រ្តសម័យសង្គ្រាមដែលកំពុងបន្ត​កើតមានឡើង។

ក្នុងកិច្ចពិភាក្សារយៈពេល ១០នាទី រដ្ឋមន្ត្រីការបរទេសលោកស្រី Kang Kyung-wha បានប្រាប់សមភាគីជប៉ុនរបស់លោកស្រី លោក Toshimitsu Motegi ថា កូរ៉េខាងត្បូងស្វាគមន៍​ចំពោះកិច្ចប្រជុំដែលមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរដែលគ្រោងធ្វើនៅទីក្រុងតូក្យូ នៅថ្ងៃ​ចន្ទ​នេះ (ម៉ោងនៅសេអ៊ូល) ដើម្បីពិភាក្សាពីការទប់ស្កាត់ការនាំចេញរបស់ទីក្រុងតូក្យូ។

លោកស្រី កាង មានប្រសាសន៍ថា លោកស្រីសង្ឃឹមថា កិច្ចពិភាក្សានេះនឹងនាំឱ្យជប៉ុន​ដកការរឹតត្បិតការនាំចេញ។

កិច្ចប្រជុំដោយសង្ខេបកាលពីថ្ងៃអាទិត្យ បានធ្វើឡើងនៅទីក្រុងម៉ាឌ្រីដ ក្នុងពេលជប់​លៀង​អាហារពេលល្ងាចមួយ ដែលបានធ្វើឡើងសម្រាប់រដ្ឋមន្រ្តីការបរទេសដែលបានចូលរួម​ក្នុងកិច្ចប្រជុំវេទិកាអាស៊ីអឺរ៉ុប (ASEM)។ នៅពេលមុននេះ ក្រុមមន្រ្តីបាននិយាយថា លោកស្រី ​Kang និងលោក Motegi ទំនងជាមិនជួបគ្នាទេ ដោយសារបញ្ហាមានកាលវិភាគ។

រដ្ឋមន្រ្តីទាំងពីរ បានឯកភាពបន្តការសម្របសម្រួលសម្រាប់កិច្ចប្រជុំកំពូលមួយ​ ដែល​អាច​ធ្វើទៅបានដោយលោកប្រធានាធិបតីលោក Moon Jae-in និងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ អាចនឹងធ្វើឡើងនៅក្នុងទីក្រុង Chengdu ភាគនិរតីនៃប្រទេសចិននៅ​សប្តាហ៍​ក្រោយ​នេះ លើផ្នែកមួយនៃកិច្ចប្រជុំកំពូលត្រីភាគីដោយមានការចូលរួមពី​នាយករដ្ឋមន្ត្រីចិន​លោក Li Keqiang ផងដែរ។

ប្រសិនបើកិច្ចប្រជុំកំពូលនេះកើតមានឡើងមែននោះ លោក មូន និងលោក អាបេ ត្រូវ​បាន​​គេរំពឹងថានឹងពិភាក្សាគ្នាអំពីវិធីដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង​រវាងប្រទេសទាំង​ពីរ ដែលបានប្រេះស្រាំចាប់តាំងពីទីក្រុងតូក្យូ ​បានដាក់កម្រិតការនាំចេញ​ប្រឆាំង​នឹងប្រទេស​កូរ៉េខាងត្បូង ទាក់ទងនឹងបញ្ហាពលកម្មដោយបង្ខំក្នុងសម័យសង្គ្រាម។

ជាការឆ្លើយតប ទីក្រុងសេអ៊ូលបានសម្រេចចិត្តកាលពីខែសីហាកន្លងទៅនេះ​ ដើម្បី​បញ្ចប់កិច្ចព្រមព្រៀងមួយ ក្នុងការចែករំលែកព័ត៌មានទាក់ទងនឹងយោធាជាមួយប្រទេសជប៉ុន ដែលត្រូវបានគេស្គាល់ថា ជាសន្តិសុខទូទៅនៃកិច្ចព្រមព្រៀងព័ត៌មានយោធា(GSOMIA)។ ប៉ុន្តែ​កូរ៉េខាងត្បូងបានបញ្ច្រាសសេចក្តីសម្រេចចិត្តនេះ​នៅនាទីចុងក្រោយ ហើយបានសម្រេច​ចិត្តធ្វើជាថ្មីដោយមានលក្ខខណ្ឌដូចកាលពីខែមុន។

ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានបន្តកិច្ចពិភាក្សាកម្រិតការងារ ដើម្បីរកវិធី​ដោះស្រាយជម្លោះពាណិជ្ជកម្មរបស់ខ្លួន។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យ ភាគីទាំងពីរក៏បានពិភាក្សាអំពីការវិវឌ្ឍ​ចុងក្រោយលើបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបានយល់ព្រមរក្សាកិច្ចពិគ្រោះយោបល់​គ្នា​យ៉ាងជិតស្និទ្ធលើបញ្ហានេះ៕

(ប្រភព Yonhap: បកប្រែដោយលោក មាស)