លោក Biegun នឹងជួបជាមួយលោក មូន ចំពេលមានភាពតានតឹង ជុំវិញបញ្ហាការសាកល្បងម៉ាស៊ីនរ៉ុក្កែតរបស់កូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩​ — អ្នកចរចានុយក្លេអ៊ែរកំពូលរបស់សហរដ្ឋអាមេរិកលោក Stephen Biegun បានជួបប្រជុំ​ជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោកកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាគ្នាពីរបៀប ដើម្បីនាំ​ប្រទេស​កូរ៉េខាងជើងត្រឡប់ទៅរកការសន្ទនាវិញ ចំពេលមានភាពតានតឹងកើនឡើង​ជុំវិញ​ការសាកល្បងម៉ាស៊ីនរ៉ុក្កែតជាក់ស្តែងនៅខែនេះ។

អ្នកតំណាងពិសេសសម្រាប់កូរ៉េខាងជើង បានមកដល់ទីក្រុងសេអ៊ូលកាលពីប៉ុន្មាថ្ងៃ​មុន​នេះ ចំពេលដែលទីក្រុងព្យុងយ៉ាងកំពុងបង្កើនសម្ពាធលើក្រុងវ៉ាស៊ីនតោន​ ឱ្យបង្ហាញនូវ​សំណើដែលអាចទទួលយកបានមុនកាលបរិច្ឆេទកំណត់នាចុងឆ្នាំនេះរបស់ខ្លួន ដើម្បីជំរុញ​កិច្ចចរចានុយក្លេអ៊ែរដែលបានជាប់គាំង។

មន្ត្រីសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេស​ បានទៅបំពេញ​ទស្សនកិច្ចជាលើកដំបូងជាមួយអនុរដ្ឋមន្រ្តីក្រសួងការបរទេសទី១ លោក Cho Sei-young ហើយ​បន្ទាប់មកបានជួបជាមួយសមភាគីរបស់លោក គឺលោក Lee Do-hoon នៅឯក្រសួង​ការបរទេស។

បន្ទាប់ពីកិច្ចពិភាក្សារបស់លោកជាមួយលោក Lee, លោក Biegun គ្រោងនឹងចេញ​សេចក្តីថ្លែងការណ៍ខ្លីមួយ ដែលទំនងជារួមបញ្ចូលទាំងការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យ​កូរ៉េខាងជើងវិលត្រឡប់មកតុចរចាវិញ ហើយចៀសវាងពីសកម្មភាពបង្កហេតុដែលអាចបង្ក​អន្តរាយដល់ដំណើរកិច្ចសន្ទនា។

បន្ទាប់មក នៅថ្ងៃនោះដែរ លោក Biegun គ្រោងនឹងចូលជួបសំដែងការគួរសមចំពោះ ប្រធានាធិបតីលោក Moon Jae-in នៅការិយាល័យប្រធានាធិបតី Cheong Wa Dae ។ វានឹង​ជាការកត់សម្គាល់នៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់លោកប្រធានាធិបតី ចាប់តាំងពីខែកញ្ញា ឆ្នាំមុនក្នុងរយៈពេលដ៏ខ្លី មុនពេលកិច្ចប្រជុំកំពូលអន្តរកូរ៉េនៅទីក្រុងព្យុង​យ៉ាង។

ក្តីកង្វល់នានាបានបន្តកើតមានឡើងដែលថា កូរ៉េខាងជើងអាចងាកចេញពីដំណើរការ​នៃ​ការសន្ទនាគ្នា ដូច​ដែលគេបាននឹងកំពុងបង្កើនភាពតានតឹងជាមួយនឹងការគំរាមកំហែងមួយ ដើម្បីចាត់វិធានការ «មធ្យោបាយថ្មី » ប្រសិនបើថ្ងៃផុតកំណត់ចុងឆ្នាំនេះមិនត្រូវបានឆ្លើយតប៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)