សម្តេចតេជោហ៊ុនសែនផ្តល់អំណោយមនុស្សធម៌ដល់ទារកភ្លោះបីលើកទី៣៥១ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

វិទ្យុជាតិកម្ពុជា៖

សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់អំណោយមនុស្សធម៌ដល់ទារកភ្លោះបី លើកទី៣៥១ នៅស្រុកតំបែ ខេត្តត្បូងឃ្មុំ ដែលទារកភ្លោះទំាងបីនាក់នេះត្រូវជាចៅៗរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ អំណោយដ៏សប្បរសធម៌របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែលបានផ្តល់ទារកភ្លោះទំាងបីនាកនេះរួមមានទឹកប្រាក់ចំនួន ៥លានរៀល អង្ករ២០០គីឡូក្រាម ទឹកដោះគោម្ស៉ៅឌុយម៉ិក២៤កំប៉ុងធំ ស្កសរ៥គីឡូក្រាម សារុង២និងក្រម៉ា២។
ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញនាំយកអំណោយដ៏សប្បរធម៌ទាំងអស់នោះទៅចែកជូនផ្ទាល់ដៃដល់គ្រូសារកូនភ្លោះ ដល់លំនៅដ្ឋានគ្រួសារកូនភ្លោះ ក្នុងភូមិពន្លាក ឃុំចុនជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៤ធ្នូកន្លងទៅនេះ។ ទារកភ្លោះទាំង៣នាក់ដែលទទួលបានអំណោយឧបត្ថម្ភពីសម្តេចទាំងទ្វេនៅពេលនេះ ជាកូនលើកទី២ របស់ឪពុកឈ្មោះ ពៅ ដូវ អាយុ២៩ឆ្នាំ ម្តាយឈ្មោះ ពឹង ភាព អាយុ២៨ឆ្នាំ អ្នកទាំងពីរមុខរបរស៊ីឈ្នូលគាស់ដំឡូង ដោយប្រសូត្រកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមណ្ឌលសុខភាពចុងជាច បន្ទាប់មកបានបញ្ជូនមកថែទាំសុខភាព នៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ឯកឧត្តម សេង ទៀង មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩៩រហូតមកដល់បច្ចុប្បន្ននេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ឫបួននាក់ មានចំនួន៣៥១គ្រួសារហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ដែលជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។ ឯកឧត្តមមានប្រសាសន៍បន្តថា ចំនួនគ្រួសារទារកភ្លោះបីនាក់នេះ គឺមានច្រើនជាងនេះទៀត ដែលសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភតាមរយៈអ្នកតំណាងរាស្រ្ត និងក្រុមការងារចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក រាជធានីខេត្ត កាលពីមុនឆ្នាំ១៩៩៩។ ឯកឧត្តមមានប្រសាសន៍បន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបំរើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបីឬបួននាក់ពិតប្រាកដ។ នៅក្នុងពិធីប្រគលនិងទទួលអំណោយនោះដែរ ឯកឧត្តមជំនួយការផ្ទាល់ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋដែលមានបុត្រធិតាទើបឆ្លងទន្លេ សូមចូលរួមថែរក្សាសុខភាព រស់នៅមានអនាម័យល្អ ត្រូវឲ្យកូនៗ គេងក្នុងមុងការពារជំងឺគ្រុនឈាម និងជំងឺដទៃទៀតដែលអាចកើតឡើងជាយថាហេតុមកលើក្រុមគ្រូសារ ជាទីស្រឡាញ់របស់ខ្លួន។
សូមបញ្ជាក់ថា នេះគឺជាគ្រូសារកូនភ្លោះទី១១ ក្នុងឆ្នាំ២០១៩ ដែលទទួលបានថវិកាឧបត្ថម្ភដែលជាគោលការណ៍ថ្មី របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លាន ដែលពីមុនទទួលបាន ៤លានរៀល។ តំណាងមាតាបិតាកូនភ្លោះទំាង៣នាក់នេះ មានប្រសាសន៍ថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់នូវអំណោយឧបត្ថម្ភដ៏សប្បរសធម៌ដល់គ្រួសាររបស់ខ្លួន ដែលជួបប្រទះនូវការលំបាក ក្នុងការចិញ្ចឹមបីបាច់កូនភ្លោះបីនាក់ ក្នុងស្ថានភាពដែលគ្រួសាររបស់ខ្លួន មានជីវភាពរស់នៅដ៏លំបាកនេះ។ សូមបញ្ជាក់ដែរថា ខេត្តត្បូងឃ្មុំ មានគ្រូសារកូនភ្លោះបីចំនួន៣០គ្រូសាររួចមកហើយ ដែលលបានទទួលអំណោយឧបត្ថម្ភនូវសម្ភារះនិងថវិកា ពីសម្តេចទាំងទ្វេ ក្នុងការជួយសំរួលដល់ការលំបាកក្នុង ជីវភាពរស់នៅ៕