នាយករដ្ឋមន្ត្រីចិនសាទរលោក Johnson ដែលជាប់ឆ្នោតឡើងវិញ ធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេស

AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩​ — នាយករដ្ឋមន្ត្រីចិនលោក លី កេឈាំង ( Li Keqiang ) កាលពីថ្ងៃសៅរ៍ បានផ្ញើសារអបអរសាទរមួយ ទៅឱ្យលោក  Boris Johnson  នៅក្នុងការជាប់ឆ្នោតឡើងវិញរបស់លោកធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេស  ។

នៅក្នុងសាររបស់លោក លោក លី បាននិយាយថា ទំនាក់ទំនងចិន  –  អង់គ្លេស ជាទូទៅបានរក្សានូវកម្លាំងចលករអភិវឌ្ឍន៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យផ្សេងៗ ទទួលបាននូវសក្តានុពលយ៉ាងធំសម្បើម ។

លោកនាយករដ្ឋមន្ត្រីបាននិយាយបន្ថែមថា ចិន និង  អង់គ្លេស គឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប នឹងជាប្រទេសសេដ្ឋកិច្ចពិភពលោកយ៉ាងសំខាន់ ហើយទំនាក់ទំនងរបស់ខ្លួនបាននាំមកនូវសារសំខាន់ជាសកល ។

លោកបាននិយាយថា   លោកសង្ឃឹមថា ភាគីទាំងពីរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក នឹងពង្រឹងនូវជំនឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ព្រមទាំងជំរុញការអភិវឌ្ឍ ដែលមាននិរន្តរភាព និងយ៉ាងត្រឹមត្រូវនៃចំណងទាក់ទងចិន   –  អង់គ្លេស ដើម្បីធ្វើការរួមចំណែកដែលកាន់តែធំធេងដល់ការការពារសន្តិភាព និងស្ថិរភាពពិភពលោក ក៏ដូចជាជំរុញ ការអភិឌ្ឍថែមទៀត នូវលទ្ធិពហុភាគីនិយមហើយ និងសេដ្ឋកិច្ចពិភពលោកមួយបើកចំហ  ៕

(ប្រភព ស៊ីនហួ  បកប្រែដោយលោក ប៉ិនមឿន )