រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អំពាវនាវអោយប្រជាជនខ្មែរ ចូលរួមបរិច្ចាគឈាម

វិទ្យុជាតិកម្ពុជា៖ ប៉ុង សុភាវី
MC៖ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អំពាវនាវអោយប្រជាជនខ្មែរ ចូលរួមបរិច្ចាគឈាមអោយបានច្រើន ព្រោះការបរិច្ចាគឈាម ជាអំពើមនុស្សធម៌ដ៏ល្អ ។
នៅក្នុងកម្មវិធី មនុស្សធម៏ចូលរួមបរិច្ចាគឈាម ដោយ ស្មគ្រ័ចិត្ត ក្រោមប្រធានបទ ( ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ និងសង្គ្រោះជីវិតដោយ គ្មានការរើសអើង ) របស់ក្រុមហ៊ុន មើស៊ីឌេស-បិនស៍ នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៩ នាបរិវេណ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានមានប្រសាសន៍ បញ្ជាក់ថា ការបរិច្ចាគឈាម គឺជាអំពើមនុស្សធម៌ដ៏ល្អ ដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជម្ងឺ ដែល កំពុងត្រូវការឈាមជាបន្ទាន់។
ឯកឧត្តម បានអោយដឹងទៀតថា អត្ថប្រយោជន៍នៃការបរិច្ចាគឈាម គឺផ្នែកមួយរបស់សុខភាព ដែលបង្កើតទម្លាប់ និងវប្បធម៌ នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ព្រមទាំងជំរុញលើកកម្ពស់ឲ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិ ផ្តល់ឈាម នៅទូទាំងប្រទេស ដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជម្ងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយ គ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ឬសាសនា។ ទន្ទឹមនេះក៏ជាការ ផ្សារភ្ជាប់សកម្មភាព នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម ។
សំឡេង៖ខ្ញុំបាននិយាយមិញ គឺថាខ្ញុំលុបកម្មវិធីមួយចំនួន ដើម្បីមកទីនេះគឺសំខាន់គឺចង់លើកទឹកចិត្តដល់ប្រជាជនខ្មែរយើងគឺយល់អំពីសារៈសំខាន់នៃការផ្តល់ឈាមហើយសូមគោរពការស្ម័គ្រចិត្តរបស់គាត់ ក្នុងការផ្តល់ឈាម របស់គាត់អាចជួយដល់មនុស្សម្នាក់ នេះហើយគឺជាការគោរពដែរយើងត្រូវដឹង។
តាមរយះនេះ ក្រសួងព័ត៌មាន គ្រោងបង្កើតអោយមានកម្មវិធីនេះ ដែរ បន្ទាប់ពីអាក់អានមួយរយះមកហើយ ដើម្បីឲ្យមន្រ្តីក្រោមឱវាទ ចូលរួមបរិច្ចាគឈាម ជា រៀងរាល់ឆ្នាំ ដើម្បីរួមចំណែកជួយសង្គ្រោះ ជីវិតមនុស្សដែលកំពុងត្រូវការជាបន្ទាន់។ ផែនការនេះ គឺជាការផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹង សកម្មភាព មនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម ។
សូមបញ្ជាក់ថា លក្ខខ័ណ្ឌនៃការបរិច្ចាគឈាមត្រូវមាន អាយុចាប់ពី១៨ ដល់៦០ឆ្នាំ ទម្ងន់ចាប់ពី៤៥គីឡូក្រាមឡើងទៅ។ ចន្លោះពេលក្នុងការបរិច្ចាគឈាម រៀងរាល់៣ខែ សម្រាប់បុរស និងរៀងរាល់ ៤ខែ សម្រាប់ស្រី៕