គ.ជ.ប តែងតាំងប្រធាននិងអនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តប៉ៃលិន  អត្ថបទដោយលោក គង់ ជឺ

ប៉ៃលិន៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.បកាលពីថ្ងៃទី ១៣ ខែធ្នូបានប្រកាសតែងតាំងប្រធាននិងអនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប ឯកឧត្តម ផាន់ចាន់ធុល អភិបាលនៃគណះអភិបានខេត្តប៉ៃលិន និងអ្នកពាក់ព័ន្ធជាច្រើននាក់។

តាមរយះសេចក្តីសម្រេចរបស់គ.ជ.ប ត្រូវបានតែងតាំងលោក ប៉ាវ សុខមាន ជាប្រធានលេខាធិការរៀបចំការបោះឆ្នោតខេត្ត ជំនួសលោកស្រី ប៊ុន សូភី ដែលត្រូវចូលនិវត្ត និងទទួលភារកិច្ចថ្មីជាជំនួយការ គ.ជ.ប និងលោក ផេង ស៊ីនជាអនុប្រធានលេខាធិការរៀបចំការបោះឆ្នោតខេត្ត ។

លោក ប៉ាវ សុខមាន បានប្តេជ្ញាចិត្តប្រឹងប្រែងអនុវត្តការងារស្របតាមរដ្ឋធម្មនុញ ច្បាប់ បទបញ្ជា និងលិខិតបទដ្ឋាននានារបស់ គ.ជ.ប និងបន្តកិច្ចសហការជាមួយអជ្ញាធរពាក់ព័ន្ធ និងគ្រប់ភាគីដើម្បីអោយដំណើការនៃការរៀបចំការបោះឆ្នោតស្របតាមច្បាប់និងស្របតាមបាវចនារបស់គជប ឯករាជ្យ អព្យាក្រឹត សច្ចះ យុត្តិធម៌  តម្លាភាព ។

ឯកឧត្ដម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានស្នើដល់ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដែលទើបតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ ឱ្យអស់ពីសមត្ថភាព និងបន្តសហការល្អជាមួយអាជ្ញាធរឃុំសង្កាត់កំលាំងសន្តិសុខនៅមូលដ្ឋានដែលជាតួអង្គពាក់ព័ន្ធសំខាន់ក្នុងកិច្ចដំណើរការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះ និងការបោះឆ្នោត។

ឯកឧត្តម ហ៊ីង ធីឫទ្ធិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានវាយតម្លៃខ្ពស់ចំពោះលោកស្រី ប៊ុន សូភី អតីតប្រធានលេខាធិការរៀបចំការបោះឆ្នោតខេត្ត ដែលបានដឹកនាំការងារបោះឆ្នោតក្នុងរយះពេលជាងម្ភៃឆ្នាំ ដែលធ្វើអោយស្ថាប័ននេះមានការរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសមត្ថភាពមន្រ្តីសម្រាប់បម្រើការងារ។ ជាមួយនេះឯកឧត្តមបានស្នើអោយប្រធានលេខាធិការរៀបចំការបោះឆ្នោតថ្មី ត្រូវខិតខំប្រឹងប្រែងបន្តការងារ និងការបង្កើនទំនាក់ទំនង និងកិច្ចសហការឱ្យបានល្អក្នុងភាពជាដៃគូ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាការពារសន្តិសុខ សុវត្តិភាពសណ្ដាប់ធ្នាប់សាធារណៈក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះ និងរៀបចំការបោះឆ្នោតគ្រប់ប្រភេទ សំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា។

ឯកឧត្តមបន្តថា ការពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងរបស់អង្គភាពឱ្យបានល្អ ជារឿងសំខាន់ដែលមិនអាចខ្វះបាន បើមានបញ្ហាណាមួយកើតឡើងត្រូវនាំគ្នាជួបជុំពិភាក្សាដោះស្រាយ ក្នុងករណីហួសពីសមត្ថកិច្ចត្រូវរាយការណ៍ជូនគ.ជ.ប ដើម្បីផ្ដល់អានុសាស្ត្រដឹកនាំ ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធ និងការបោះឆ្នោត ជូនដល់សាធារណៈជន និងអ្នកពាក់ព័ន្ធទាំងអស់ គ្រប់រូបភាព ធានាភាពច្បាស់លាស់ និងទាន់សភាពការ ត្រូវបន្តពង្រឹងតម្លាភាពរបស់គ.ជ.ប តាមរយៈការបើកទូលាយអោយមានការចូលរួម ពីគ្រប់គណៈបក្សនយោបាយ សមាគមន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកយកព័ត៌មានជាតិ និងអន្តរជាតិ ក្នុងគ្រប់ដំណើរការបោះឆ្នោត ចំណុចដែលរឹតតែសំខាន់មិនអាចខ្វះបាន គឺឱ្យធ្វើឱ្យដំណើរការបោះឆ្នោតកាន់តែទទួលបាននូវការជឿទុកចិត្តពីប្រជាពលរដ្ឋ និងការចូលរួមពីប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ផាន់ ចាន់ធុលអភិបាលខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក និងស្ថាប័នពាក់ព័ន្ធ  ពិសេសកងកម្លាំងប្រដាប់អាវុធ  នគរបាល កងរាជអាវុធហត្ថទាំងអស់ដែលបានខិតខំជួយអោយដំណើរការបោះឆ្នោតកន្លងមកបានប្រព្រឹត្តទៅក្នុងបរិយាកាសសុខសន្តិភាពគ្មានអំពើហឹង្សា ប្រកបដោយភាពរលូន តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌៕