រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចជំរុញការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសង្គមកិច្ច

វិទ្យុជាតិកម្ពុជា អត្ថបទ៖ សុភា វិសិទ្ធិពង្ស
MC រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចជំរុញការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសង្គមកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងលើកកម្ពស់ការផ្តល់សេវាលើវិស័យសង្គមកិច្ច ជូនប្រជាពលរដ្ឋឲ្យត្រូវតាមតម្រូវការ។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានស្នើវិទ្យាស្ថានជាតិសង្គមកិច្ចត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់អំពីប្រព័ន្ធក្របខ័ណ្ឌគុណវុឌ្ឍជាតិ ដើម្បីទទួលបានការជឿទុកចិត្តពីនិស្សិតនៅក្នុងសហគមន៍ជាតិនិងអន្តរជាតិដែលមកទទួលសេវាអប់រំនិង ការបណ្តុះបណ្តាលវិស័យសង្គមកិច្ចនៅកម្ពុជា ។
ថ្លែងក្នុងពិធី ” ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិតជំនាន់ទី៤ នៃវិទ្យាស្ថានជាតិសង្គមកិច្ច “កាលពីថ្ងៃទី១៣ ខែធ្នូនៅទីស្តីការក្រសួងសង្គមកិច្ច ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានបានមានប្រសាសន៍ថា
វិទ្យាស្ថានជាតិសង្គមកិច្ចត្រូវពង្រឹងការអប់រំនិងការបណ្តុះបណ្តាលសិក្ខាកាមឲ្យស្របតាមស្តង់ដារច្បាស់លាស់ដើម្បីឲ្យយុវជនមានចំណេះដឹងជ្រាលជ្រៅច្បាស់លាស់ ហើយបន្តយកចំណេះដឹងដែលទទួលបាននេះ ទៅបំពេញភារកិច្ចឱ្យបានល្អប្រសើរនិងទទួលបានភាពជោគជ័យ។
ឯកឧត្តមក៏បានណែនាំដល់សិក្ខាកាមដែលបញ្ចប់ការសិក្សាផ្នែកវិស័យសង្គមកិច្ចត្រូវគោរពគោលការណ៍៣សំខាន់ គឺការ ប្រកាន់ខ្ជាប់នូវសេចក្តីគោរព ចំពោះសិទ្ធិក្រុមជនងាយរងគ្រោះ
និងរងគ្រោះ និងមានចិត្តអំណត់ចំពោះការងារ ត្រូវបំពេញកាតព្វកិច្ចជូនជនពិការ តាមជំនាញរបស់ខ្លួន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈនិងត្រូវប្រកាន់ខ្ជាប់នូវអត្តចរិតសុភាពរាបសា ទន់ភ្លន់ រាក់ទាក់មិនរើសអើង ជាមួយជនងាយរងគ្រោះ ។
សូមបញ្ជាក់ថា ក្នុងពិធី ” ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិតជំនាន់ទី៤ នៃវិទ្យាស្ថានជាតិសង្គមកិច្ច “នេះមានចំនួន ២១១នាក់នេះមាននិស្សិតស្រីចំនួន ៩៥ នាក់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យស្របតាមកម្មវិធីសិក្សា ក្នុងនោះក៏មាននិស្សិតបរទេសចំនួន ជាង៣០នាក់ មកពីសហភាពមីយ៉ាន់ម៉ាសៅសូដាន ប៉ាពួញ់គីនេ សាធារណរដ្ឋម៉ាឡាវី ប្រទេសឡាវ ស្រីលង្កា សូម៉ាលី បង់ក្លាដេសនិងសហភាពមីយ៉ាន់ម៉ា៕