រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រការតាំងពិព័រណ៍សៀវភៅកម្ពុជាលើកទី៨

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ប៉ុង សុភាវី

MC៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានគាំទ្រព្រឹត្តិការណ៍ពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ ពីព្រោះសៀវភៅ គឺជាឃ្លាំងប្រមូលផ្តុំនូវចំណេះដឹងសម្បូរបែបរបស់សិស្សានុសិស្ស និងមហាជន។

ក្នុងពិធីបើកពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ ក្រោមប្រធានបទ «ផ្តើមក្តីស្រមៃ ដៃកាន់សៀវភៅ » ដែលបានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នាបរិវេណ បណ្ណាល័យជាតិ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានសំដែង ភាពសប្បាយរីករាយដោយឃើញការរៀបចំពិព័រណ៍នេះបានយ៉ាងល្អ មានមនុស្សចូលរួមច្រើនកុះករ ជាមួយនឹងស្តង់ដាក់តាំង និងលក់សៀវភៅយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់សិស្សានុសិស្ស និងយុវវ័យឲ្យអានសៀវភៅ កាន់តែច្រើន។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការអានច្រើននេះមិនត្រឹមតែបង្កើនចំណេះដឹងខ្លួនឯងឲ្យបានទូលំទូលាយប៉ុណ្ណោះទេ ថែមទំាងជាការលើកទឹកចិត្តដល់ អ្នកនិពន្ធ អ្នកស្រាវ អ្នកបោះពុម្ពផ្សាយ ដែលបានលះបង់ពេលវេលា និងកំលាំងកាយចិត្ត ប្រាជ្ញាស្មារតី របស់ខ្លួន ដើម្បីអប់រំ និងផ្តល់ចំណេះដឹង ដល់មនុស្សជាតិ និងសង្គមជាតិទាំងមូល។
សំឡេង៖និយាយរួមអ្នកនិពន្ធកាលពីសម័យមុនមានតែបួនប្រាំនាក់ទេ ដែលមានល្បីឈ្មោះ ក្រៅពីហ្នឹងអត់ទេនិយាយរួមអ្នកនិពន្ធនៅសម័យដើមគឺមានតិចណាស់ ឥលូវនេះ អ្នកនិពន្ធសម្បូរបែបអញ្ចឹងអ្នកនិពន្ធមានល្អនិងមិនល្អជាការធម្មតាទេ សំខាន់អ្នកណាល្អគេមើលច្រើនអ្នកណាមិនល្អគេមិនសូវមើល។ យើងមិនអាចផ្ទឹមអញ្ចឹងបានទេ យើងនិយាយថាឥឡូវសៀវភៅស្រាវជ្រាវមានច្រើនជាងពីដើមសៀវភៅការអប់រំក៏មានច្រើនពីមុន ដែរសៀវភៅបកប្រែក៏មានច្រើនជាងពីមុនដែរ។ ដូច្នេះខ្ញុំមិនយល់ថាសម័យមុនខ្លាំងជាងសម័យនេះ អ្នកនិពន្ធខ្លាំងជាងសម័យក្រោយទេព្រោះសុទ្ធតែខ្មែរដូចគ្នា គឺសុទ្ធតែអ្នកបានរួមឲ្យអក្សរសាស្ត្រ និងពុទ្ធិស្រុកខ្មែរមានការរីកចម្រើន។
ដោយមើលឃើញពីការរីកចម្រើននៃការតាំងពិព័រណ៍សៀវភៅនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកពីគម្រោងស្នើសុំទៅ រាជរដ្ឋាភិបាល ជួយចេញថ្លៃ ជួលកន្លែង សម្រាប់ទីតាំងថ្មីធំជាងនេះ ដើម្បីអោយដំណើរការងារកាន់តែធំជាងមុន និងមានអ្នកចូលរួមច្រើន សម្រាប់ជាឱកាសជួបជុំ អ្នកតែងនិពន្ធ អ្នកសិក្សាស្រាវជ្រាវ និងអ្នកចូលចិត្ត អានសៀវភៅ ។
សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី០៨នេះ ប្រព្រឹត្តទៅចំនួន៣ថ្ងៃគឺ ចាប់ថ្ងៃទី១៣ រហូតដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅទីតាំងបណ្ណាល័យជាតិ ខាងលិចរមណីយដ្ឋានវត្តភ្នំ ដែលបើកឲ្យចូលទស្សនាចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១៩ល្ងាច ដែលមានស្តង់ដាក់តាំង និងលក់សៀវភៅ ចំនួន១៤០ស្តង់ ៕