ខេត្តរតនៈគីរីកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តមួយចំនួនដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំសកល

ខេត្តរតនៈគីរីកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តមួយចំនួនដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំសកល
វិទ្យុជាតិកម្ពុជា អត្ថបទ ៖ យី វិច្ឆិកា
MC៖អាជ្ញាធរខេត្តរតនៈគីរីរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តមួយចំនួនដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យទៅលេងកម្សាន្តឲ្យបានកាន់តែច្រើន​នាឱកាសបុណ្យចូលឆ្នាំសកលខាងមុខ។

រដ្ឋបាលខេត្តរតនៈគីរី គ្រោងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តឲ្យហើយក្នុងរយៈមួយសប្តាហ៍ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិនិង ដើម្បីចូលរួមក្នុងពិធីប្រកួតប្រជែង ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ។
លោក ង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនៈគីរី បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ខាងរដ្ឋបាលខេត្តបានបំពាក់ភ្លើងនៅតាមដើមឈើនៅមាត់បឹងកន្សែង រៀបចំអក្សរឆ្នាំ២០២០ កម្ពស់៤ម៉ែត្រនិងបណ្តោយ១២ ម៉ែត្រ រៀបចំបង្ហោះគោម ចំនួន២០២០គោម និងរៀបចំការប្រគំតន្រ្តី ដើម្បីឈានចូលពិធីឆ្លងឆ្នាំឬហៅថា (Countdown ) និង ចូលរួមក្នុងការប្រកួតប្រជែង ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ។
លោកបានបន្តថា ចំពោះអនាម័យនិងបរិស្ថាន ដោយសារប្រជាជនមានការយល់ដឹងច្រើន ដូច្នេះមិនចោទជាបញ្ហានោះទេប៉ុន្តែខាងរដ្ឋបាលខេត្តក៏បានរៀបចំជាធុងសំរាមចល័តតាមកន្លែងសំខាន់ៗមួយចំនួនផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានបោះចោល សំរាមឲ្យបានត្រឹមត្រូវ ។ រីឯបញ្ហាសន្តិសុខ សុវត្តិភាព និងសណ្ដាប់ធ្នាប់លោកបានបញ្ជាក់ថា ខាងមន្ទីរទេសចរណ៍ខេត្ត ក៏បានសហការជាមួយ អាជ្ញាធរក្រុង បានរៀបចំជាផ្លូវឯកទិស សម្រាប់ឲ្យភ្ញៀវទេសចរធ្វើដំណើរ និងដាក់សន្តិសុខការពារនៅកន្លែងដែលសំខាន់ៗ ដើម្បីផ្តល់ ភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ត។
សំលេង«នៅថ្ងៃទី២០យើងនឹងចាប់ផ្តើមសម្រុកហើយយើងនិងរៀបចំប្តេជ្ញាធ្វើរយៈពេលតែមួយសប្តាហ៍ទេដើម្បីឲ្យហើយព្រោះហ្សូននឹងយើងមានសម្បទានស្រាប់ហើយអញ្ជឹងអត់មានការធ្វើយូរទេគ្រាន់តែរៀងយូរនិងការបំពាក់ភ្លើងតែប៉ុណ្ណោះសម្រាប់បង់យើងមានអស់ហើយ » ។
លោកបានឲ្យដឹងទៀតថា មកដល់ពេលនេះមន្ទីរទេសចរណ៍ខេត្តរតនៈគីរីបានរៀបបំពេញឯកសាររួចរាល់ហើយដើម្បី ដាក់ជូនអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត ដើម្បីពិនិត្យនិងធ្វើការវាយតម្លៃ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ជ័យលាភី ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ លេខ១ បានទៅលើរាជធានីភ្នំពេញ ខណៈខេត្តសៀមរាប ទទួលបានជ័យលាភី លេខ ២ និង ខេត្តកែប ទទួលបានជ័យលាភី លេខ ៣ ផងដែរ៕