ក្រសួងអប់រំលើកកម្ពស់យុទ្ធនាការអំណានតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ឧត្តមសិក្សា

វិទ្យុជាតិកម្ពុជា អត្ថបទ ៖សេង សុផាន់ណា
MC៖ ក្រសួងអប់រំយុវជននិងកីឡាពង្រឹងការលើកកម្ពស់យុទ្ធនាការអំណានចាប់តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ឧត្តមសិក្សាក្នុងគោលបំណងចង់អោយសិស្សានុសិស្សខ្មែរ ចេះសរសេរ ចេះអានបានស្ទាត់ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសមត្ថភាពនាពេលអនាគត។

ថ្លែងក្នុងពិធីតាំងពិព័រណ៍សៀវភៅថា្នក់ជាតិឆ្នាំ ២០១៩ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ការជំរុញការសរសេរ និងការអានសៀវភៅអោយបានច្រើនសម្រាប់សិស្សានុសិស្សគឺមានសារៈសំខាន់ណាស់ចំពោះសិស្សម្នាក់ៗមានចំណេះដឹងទូលំទូលាយបានសិក្សាស្វែងយល់ អំពីចំណេះដឹង និងចំណេះធ្វើទាំងបរិស្ថានជុំវិញនិងបរិបទក្នុងសង្គម។
ឯកឧត្តមបន្តថា នៅក្នុងកម្មវិធីសិក្សាក្រសួងអប់រំយុវជននិងកីឡាបានពង្រឹងការអនុវត្ត ការសរសេរតាមអាន ការតែងសេចក្តី នៅតាមសាលាបឋមសិក្សានីមួយៗ ដើម្បីអោយសិស្សានុសិស្សទាំងអស់ចេះអាន និង ចេះសរសេរបានច្បាស់លាស់ ចេះតាក់តែងនិពន្ធ ហើយការលើកកម្ពស់អំណានធ្វើអោយសិស្សានុសិស្សទាំងអស់ មានចំណាប់អារម្មណ៍ចង់សរសេរ ចង់អាន ទាំងអំណានទូទៅ និងអក្សរសិល្ប៍។
សំឡេង« ដើម្បីពង្រឹងអំណាន ក្រសួងអប់រំ បានដាក់ចេញនូវគោលនយោបាយមួយមានន័យថាពង្រឹងអំណានដើម្បីអោយសិស្សខ្មែរយើងចេះអានអោយបានស្ទាត់ហើយពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់អំណានទៅថ្ងៃអនាគត ម្យ៉ាងវិញទៀតក្រសួងក៏បានអនុវត្តនូវការសរសេរតាមអាន ដើម្បីអោយសិស្សចេះអានហើយចេះសរសេរអោយបានច្បាស់លាស់និងដាក់អនុវត្តនូវការតែងសេចក្តី បង្រៀនតែងសេចក្តី ដើម្បីលើកកម្ពស់ការតែងនិពន្ធតាំងពីនៅសាលា»។
ឯកឧត្តម ខៀវ កាញារីទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៏ថា ការសរសេរ និងការអានសៀវភៅច្រើនមិនត្រឹមតែជួយអោយខ្លួនយើងមានចំណេះដឹងនោះទេ ថែទាំធ្វើអោយសង្គមជាតិមានភាពរីកចំរើន ដោយសារមាន អ្នកមានចំណេះដឹងច្រើន។
សំឡេង «ចំណេះមាន ៣ គឺ ចំណេះដឹង ចំណេះធ្វើ និងចំណេះគិត ហើយអ្វីដែលធ្វើអោយសង្គមរីកចំរើនទៅបានគឺចំណេះគិតហើយចំណេះគិតនេះអាចធ្វើបានគឺ តាមរយៈការអានសៀវភៅនេះឯង»។
ក្រសួងអប់រំ យុវជននិងកីឡា បានអំពាវនាវអោយសិស្សានុសិស្សទាំងអស់ ចេះភ្ញាក់រលឹក និងមានទំលាប់អានសៀវភៅអោយបានគ្រប់ៗគ្នា ព្រោះថាការអានសៀវភៅនេះ ធ្វើអោយមានចំណេះដឹងទូលំទូលាយហើយកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច ដែលធ្វើអោយប៉ះពាល់សុខភាព៕