រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់ទុកការអានច្រើនបង្កើនចំណេះដឹងទូលំទូលាយ

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ

MC ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់ទុកការអានឲ្យបានច្រើនបង្កើនចំណេះដឹងទូលំទូលាយ ហើយអំពាវនាវឲ្យប្រជាពលរដ្ឋ សិស្ស និសិ្សតបង្កើនការអានឲ្យបានច្រើនដើម្បីបង្កើនចំណេះដឹងជួយបណ្តុះស្មារតីចេះមានគំនិតថ្មីៗរួមទំាងការច្នៃប្រឌិតដែលជួយបង្កើនការអភិវឌ្ឍជាតិ ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ បែបនេះក្នុងកម្មវិធីសម្ពោធពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ដោយឯកឧត្តមចាត់ទុកថាការអានសៀវភៅច្រើន គឺបង្កើនឱកាសនិងចំណេះដ៏ច្រើនលើសលុបជាងអ្នកដែលពុំបានអាន។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ការអាននេះត្រូវបានបែងចែកជា២របៀបដូចជា ការអានដើម្បីស្រាវជ្រាវ និងអានដើម្បីកម្សាន្ដ ។ ទាំងនេះហើយបានចូលរួមចំណែកយ៉ាងខ្លាំងដល់ ការលើកស្ទួយវប្បធម៌អានសៀវភៅនៅកម្ពុជា ព្រមទំាងបង្ហាញពីតម្រូវការសៀវភៅកាន់តែច្រើនជាងមុនដែរ ។
សំលេង ៖ ឲ្យតែអានពេលណា គឺខួរក្បាលយើងគិតច្រើន ជាងមើលកុន មើលរូបភាព ពីដើមយើងមើលកុនមើលរូបភាពគឺផ្តិតយក ការអានគឺខួរក្បារយើងដើររហូត ពាក្យមួយម៉ាត់ៗមានន័យ និងគិតពិចារណាបានច្រើនអញ្ចឹងខួរក្បាលវាដើរល្អ និយាយរួមអានច្រើនកាលណាគឺល្អកាលហ្នឹង ។
អ្នកស្រី កែម លីហៀង នាយិកាគ្រប់គ្រង បណ្ណាគារ និងគ្រឹះស្ថានបោះពុម្ពផ្សាយក្រោមដំបូលតែមួយ បានចាត់ទុកការបំផុសឲ្យសាធារណៈជនបង្កើនការអាននេះពិតជាបានរួមចំណែយ៉ាងធំធេង ដើម្បីលើកកំពស់ធនធានមនុស្ស ។ អ្នកស្រីបន្តថា ក្រុមការងារអ្នកស្រីបានផលិតសៀវភៅសំបូរបែបដើម្បីទាក់ទាញយុវវ័យ និងក្មេងៗ ឲ្យងាកមកចាប់អារម្មណ៍ក្នុងការអានសៀវភៅ ។
សម្លេង ៖ អញ្ចឹងយើងធ្វើតែសៀវភៅណា ដែលប្រកបដោយការអប់រំខ្លីៗ ទៅតាមកម្រិតរបស់ក្មេងៗ និងយុវវ័យ ហើយពាក្យយើងសរសេររាយងាយមើល ងាយអាន ហើយឲ្យគាត់ងាកមកមើលសៀវភៅវិញ ។
សូមបញ្ជាក់ថា ការពង្រឹងអោយសាធារណជនបង្កើនការអាននេះ គឺដើម្បីបណ្តុះគំនិតឲ្យ សិស្សានុសិស្ស និងយុវវ័យមានទំលាប់ក្នុងការអាន ខណៈបច្ចុប្បន្នយុវជនមួយចំនួនគ្មានទំលាប់ក្នុងការអានដោយចំណាយពេលមើលទូរស័ព្ទដៃច្រើនជាងការមើលសៀវភៅ ៕