រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចប្រគល់សញ្ញាបត្រជូនដល់និស្សិត ជាង២០០នាក់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ លើវិស័យសង្គមកិច្ចជាតិ

វិទ្យុជាតិកម្ពុជា៖ លោក ហុក សុខរិន

MC៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់ និស្សិតជំនាន់ទី៤ នៃវិទ្យាស្ថានជាតិសង្គមកិច្ចប្រមាណជាង២០០នាក់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្លាយធនធានមនុស្សដ៏សំខាន់សំរាប់លើកកម្ពស់វិស័យសង្គមកិច្ចជាតិ។

ថ្លែងក្នុងពិធី ” ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិតជំនាន់ទី៤ នៃវិទ្យាស្ថានជាតិសង្គមកិច្ច ” នៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ នៅទីស្តីការក្រសួងសង្គមកិច្ច ឯកឧត្តមវង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានបានមានប្រសាសន៍ថា និស្សិតជ័យលាភី ដែលបានទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រ ចំនួន ២១១
នាក់នេះមាននិស្សិតស្រីចំនួន ៩៥ នាក់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យស្របតាម
កម្មវិធីសិក្សា ក្នុងនោះក៏មាននិស្សិតបរទេសចំនួន ជាង៣០នាក់ មកពីសហភាពមីយ៉ាន់ម៉ា
សៅសូដាន ប៉ាពួញ់គីនេ សាធារណរដ្ឋម៉ាឡាវី ប្រទេសឡាវ ស្រីលង្កា សូម៉ាលី បង់ក្លាដេស
និងសហភាពមីយ៉ាន់ម៉ា។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា និស្សិតដែលបានបញ្ចប់ការសិក្សានាពេលនេះ បានក្លាយជាធនធានដ៏សំខាន់ក្នុងការលើកស្ទួយវិស័យពិការភាពនៅកម្ពុជា ឱ្យកាន់តែមានភាពងាយស្រលឡើង ដោយសារតែពួកគេទទួលបានការបណ្តុះបណ្តាល បច្ចេកទេសអវយវៈសិប្បនិម្មិត និងរណប។
ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះ វិទ្យាស្ថានជាតិសង្គមកិច្ច បាននិងកំពុងខិតខំប្រឹងប្រែងពង្រីកលទ្ធភាពក៏ដូចជាពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីបំពេញនូវតម្រូវការក្នុងការបណ្តុះបណ្តាល
ធនធានមនុស្សឱ្យស្របតាមតម្រូវការសង្គមជាតិ និន្នាការសេដ្ឋកិច្ច និងនយោបាយ ក្នុងបរិបទនៃចរន្តសកលភាវូបនីយកម្ម។ ជាក់ស្តែងតួលេខនិស្សិតដែលបានបញ្ចប់ការសិក្សា មានការកើនឡើងគួរឱ្យកត់សម្គាល់ជារៀងរាល់ឆ្នាំ។
សមិទ្ធផលទាំងនេះ ពិតជាមានសារៈសំខាន់ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនមួយកម្រិតថែមទៀត ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសង្គមកិច្ច ដែលកត្តាធនធានមនុស្សត្រូវបានគេចាត់ទុកជាកម្លាំងចលករមួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមនិងប្រទេសជាតិឱ្យមានការរីកចម្រើនប្រកបដោយចីរភាព៕