រាជរដ្ឋាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីសង្គមកិច្ចកុំយកទៅលក់ដូរឲ្យសោះ

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា
MC៖ រាជរដ្ឋាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិដីសង្គមកិច្ចហើយកុំយកទៅលក់ដូរឲ្យសោះ ពោលត្រូវទុកដីនេះរស់នៅអាស្រ័យផល និងបន្ដចែកកូនចៅរបស់ខ្លួនក្រោយបន្ដៗទៀត។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ប្រជាពរដ្ឋនៅទូទាំងប្រទេស ដែលទទួលបានដីសម្បទានសង្គមកិច្ចរហូតដល់ជាង៧លានក្បាលដី ត្រូវថែក្សាដីនេះឲ្យបានគង់វង្ស ដោយមិនត្រូវលក់ ឬបញ្ចាំជាដាច់ខាត ដើម្បីកសាងជីវិតថ្មីនៅលើដីថ្មីមួយនេះ ដោយប្រកបមុខរបចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗ ដែលអាចជួយលើកកម្ពស់ជីវភាពគ្រួសារជៀសផុតពីភាពក្រីក្រនាពេលខាងមុខ។

ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យជូនសម្បទានិក និងសម្ពោធសមិទ្ធផលនានារបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) កាលពីថ្ងៃទី ១២ខែធ្នូ នៅខេត្ដកំពង់ឆ្នាំង ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានអៈអាងថា រាជរដ្ឋាភិបាលបានផ្ដល់ជូនដីសង្គមកិច្ចដល់អតីតកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្រីក្រ និង គ្រួសារយោធិននេះ ដោយមើលឃើញពីតម្រូវការដីចាំបាច់ ដើម្បីសាងសង់លំនៅដ្ឋាន និងសម្រាប់ធ្វើកសិកម្ម។
អ៊ុស្រី ម៉ា គឹមយ៉េត ប្រជាពលរដ្ឋរស់នៅភូមិគិរីអភិវឌ្ឍន៍ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ បានសន្យានឹងថែរក្សាដីសម្បទានសង្គកិច្ចដែលទទួលបានពីរាជរដ្ឋាភិបាលនាពេលនេះឲ្យបានគង់វង្ស ដើម្បីរស់នៅ និងប្រកបមុខរបចិញ្ចឹមជីវិតអោយកាន់តែល្អប្រសើរ។
អ៊ុស្រីបានឲ្យដឹងទៀតថា ក្រោយពីបានមករស់នៅលើដីសម្បទាននេះបានធ្វើឱ្យជីវភាពក្រុមគ្រួសារកាន់តែល្អប្រសើរជាងមុន ព្រោះមានដីអាចដាំដុះបង្កបង្កើនផល និងចិញ្ចឹមសត្វ ហើយមានស្ថាប័ន និងអង្គការនានាចុះបង្រៀនវគ្គកសិកម្មផ្សេងៗជាបន្តបន្ទាប់ ដើម្បីជួយលើក ស្ទួយសេដ្ឋកិច្ចគ្រួសារ។
សូមបញ្ជាក់ថា សម្បទានិកក្នុងម្នាក់ៗ ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងដីលំនៅឋានទំហំ ៣០ គុណ ៤០ម៉ែត្រ និងដីកសិកម្មទំហំ ១ ហិចតា ស្មើៗគ្នា ក្រោមកម្ចីរហិរញ្ញប្បទានពីធនាគារពិភពលោកនូវទឹកប្រាក់ចំនួន ២៥លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលបន្ថែមចំនួន ១លាន៨សែន៦ម៉ឺនដុល្លារអាមេរិក ដោយត្រូវអនុវត្ត រយៈពេល៥ឆ្នាំគិតចាប់ពីខែសីហា ឆ្នាំ២០១៦ រហូតដល់ខែធ្នូ ឆ្នាំ២០២១ នៅក្នុង ខេត្តគោលដៅចំនួន០៥ រួមមាន ៖ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ ត្បូងឃ្មុំ និង ខេត្តក្រចេះ៕