ក្រសួងសាធារណការ ថា ពិតជាមានមន្ត្រីឆ្មាំជញ្ជីងឃុបឃិតជាមួយម្ចាស់រថយន្តដឹកលើសទម្ងន់

វិទ្យុជាតិកម្ពុជា៖ វ៉ាង ភក្តី
MC: ក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ពិតជាមានមន្ត្រីឆ្មាំជញ្ជីងឃុបឃិតជាមួយម្ចាស់រថយន្ត ក្នុងការអនុញ្ញាតឲ្យដឹកលើសទម្ងន់ ខណៈរាជរដ្ឋាភិបាល បានខិតខំស្វែងរកថវិកាមកអភិវឌ្ឍន៍ និងពង្រីកផ្លូវថ្នល់ ដើម្បីបម្រើដល់វិស័យគមនាគមន៍ឲ្យកាន់តែប្រសើរឡើង។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រុមស៊ើបអង្កេតរបស់ក្រសួង បានរកឃើញមន្ត្រីឆ្មាំស្ថានីយជញ្ជីងថ្លឹងរថយន្តមួយចំនួនទទួលប្រាក់សំណូកពីម្ចាស់រថយន្ត ដើម្បីជាថ្នូរអនុញ្ញាតឲ្យដឹកលើសទម្ងន់ ដែលធ្វើឲ្យមហន្តរាយផ្លូវថ្នល់យ៉ាងឆាប់រហ័ស។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬហៅថា ឆៀក សាខាខណ្ឌឫស្សីកែវ តាមបណ្តោយផ្លូវ៥៩៨ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែធ្នូ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងបានហៅប្រធាន និងអនុប្រធានស្ថានីយជញ្ជីងទាំងអស់ ឲ្យមកស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាពីការទប់ស្កាត់មិនឲ្យមានការដឹកលើសទម្ងន់ និងបានបង្ហាញវីដេអូពីកាម៉េរាដែលបានលួចថតសកម្មភាពប្រព្រឹត្តបទល្មើសរវាងមន្ត្រីឆ្មាំជញ្ជីង និងម្ចាស់រថយន្តដឹកលើសទម្ងន់ ដោយគ្រាន់តែបង់លុយហើយរថយន្តចេញទៅវិញ ដោយមិនចាំបាច់ថ្លឹងនោះឡើយ ដែលសកម្មភាពច្រើនកើតឡើងនៅម៉ោង៣ទាបភ្លឺ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ដល់ពេលវេលាដែលក្រសួងត្រូវអនុវត្តអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន ហើយ គឺឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល វះកាត់ ។
សំឡេង៖ «ចឹងយើងខ្ញុំចាត់វិធានការដល់ពេលវេលាដែលវះកាត់។ មិនអនុញ្ញាតជាដាច់ខាត ការធ្វើរបៀបនេះ ខុសច្បាប់ហើយខូចខាតផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែង រកថវិការាប់ពាន់លាន មកកសាងផ្លូវ រាប់លានមកជួសជុលផ្លូវ ហើយបើយើងឲ្យមន្ត្រីប៉ុន្មាននាក់នេះ មិនគោរពច្បាប់ អនុញ្ញាតឲ្យឡានដឹកទំនិញ លើសទម្ងន់កំណត់ មិនឆៀក មិនចូលថ្លឹង យកលុយហើយ ឲ្យឡានទៅបាត់ ផ្លូវនៅតែខូច»។
យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ បានកំណត់ថា បើអ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ដែលផ្ទុកទម្ងន់ធ្វើឲ្យស្រុតផ្លូវផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវថ្នល់ ឬបាក់ស្ពាន ត្រូវផ្តន្ទា ទោសដាក់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ដល់៤លានរៀល។ ដោយឡែក បើមន្ត្រីមានសមត្ថកិច្ចដែលអនុញ្ញាតឲ្យរថយន្តផ្ទុកលើសទម្ងន់ធ្វើឲ្យស្រុតផ្លូវផ្លូវថ្នល់
ឬបែក លូ កាត់ ទទឹងផ្លូវថ្នល់ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដូចចារី៕