មន្ទីរទេសចរណ៍ខេត្តរតនគិរីប្រកាសឲ្យក្រុមអាជីវករបំរើសេវាកម្មទេសចរណ៍រួសរានទៅសុំអាជ្ញាបណ្ណអាជីវកម្មថ្មីសម្រាប់ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ
MC៖ មន្ទីរទេសចរណ៍ខេត្តរតនគិរីប្រកាសឲ្យក្រុមអាជីវករដែលប្រកបអាជីវកម្មសេវាកម្មទេសចរណ៍រួសរានទៅសុំអាជ្ញាបណ្ណអាជីវកម្មថ្មីសម្រាប់ឆ្នាំ២០២០ ដើម្បីធានាឲ្យការប្រកបអាជីវ ស្របតាមច្បាប់ដែលកំណត់។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
លោក ធី ចាន់ដាលីន អនុប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ការផ្តល់អាជ្ញាបណ្ណ័ជូនដល់ក្រុមអាជីវករដែលប្រកបអាជីវកម្ម សេវាកម្មទេសចរណ៍សំរាប់ឆ្នាំ២០២០ខាងនេះមានលក្ខណៈខុសប្លែកាលពីឆ្នាំ២០១៩កន្លងទៅ ដោយតម្រូវអោយអាជីវករថ្មីចាស់ទាំងអស់ត្រូវទៅស្នើសុំអាជ្ញាបណ្ណ័នៅរដ្ឋបាលខេត្ត តាមរយៈការិយាល័យច្រកចេញចូលតែមួយ។
លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា ការអនុវត្តយន្តការថ្មីនេះ ដើម្បីបង្កើនការគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍អោយមានសណ្តាប់ធ្នាប់របៀបរៀបរយ ហើយធានាបាន
កំណើនចំណូលថវិកាជាតិ។
សំលេង«ការផ្តល់អាជ្ញាបណ្ណ័ហ្នឹងគឺទី១យើងបានចូលរួមចំណែកលើកស្ទួយដល់សេដ្ឋកិច្ចជាតិ ពីព្រោះជាការរកចំណូលចង់ចូលថវិការរដ្ឋ ទី២ទៀតគឺការងាយស្រួលក្នុងការគ្រប់គ្រង មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ដែលមាននៅក្នុងខេត្ត ការគ្រប់គ្រងច្បាស់លាស់ទាំងចំនួនបន្ទប់ ទាំងចំនួនបុគ្គលិក ទាំងចំនួនអាជីវកម្ម ក៏ដូចជាងាយស្រួលក្នុងការចុះ អប់រំនិងផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលការងារផ្សេងៗផងដែរ។
លោក ធី ចាន់ដាលីន បានពន្យល់ថា ការប្រកបរបរអាជីវកម្ម សេវាកម្មទេសចរណ៍ ក្នុងមួយឆ្នាំត្រូវស្នើសុំអាជ្ញាបណ្ណម្ដង ព្រោះអាជ្ញាបណ្ណ័ដែលផ្តល់ជូនមានសុពលភាពបានត្រឹមតែរយៈពេល ៣៦៥ថ្ងៃប៉ុណ្ណោះ។
លោកអនុប្រធានមន្ទីរបានណែនាំដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្តរតនគិរីទាំងអស់ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណថ្មីនិងបន្ត សម្រាប់ឆ្នាំ ២០២០ ចាប់ពីពេលនេះទៅ ហើយក្នុងករណីម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ណា មិនបានបន្ដអាជ្ញាបណ្ណ័ផុតសុពលភាពហើយនោះទេ មន្ទីរទេសចរណ៍ សហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ និងអនុវត្តតាមនិតិវិធីច្បាប់ ដោយផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្នជាដើម។
សូមបញជាក់ថា អាជីវកម្ម សេវាកម្មទេសចរណ៍ មានដូចជាសេវាកម្មស្នាក់នៅមានផ្ទះសំណាក់ សណ្ឋាគារ សេវាកម្មម្ហូបអាហារ ភោជនីយដ្ឋាន អាហារដ្ឋាន និងសេវាកម្មកម្សាន្ដមានខារ៉ាអូខេ ម៉ាស្សា និងរង្គសាលជាដើម៕