សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតប៉ាគីស្ថានចប់អាណត្តិ  ចូលជួបសម្តែងការគួរសម និងជម្រាបលា

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ — សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យឯកឧត្តម អាមយ៉ាត អាលី ស៊្សា (Amjad Ali sher) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជាចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ។

នៅក្នុងឱកាសនោះ ឯកឧត្តម អាមយ៉ាត អាលី ស៊្សា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាត ឱ្យឯកឧត្តមបានចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ។ ឯកឧត្តមបានជម្រាបជូន សម្តេចប្រធានព្រឹទ្ធសភាថា បេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកកម្ពុជា ក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះ  បានទទួលនូវបទពិសោធន៍ល្អៗជាច្រើន និងទទួលបានជោគជ័យ អាស្រ័យដោយមាន ការគាំទ្រពីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ក្រសួង ស្ថាប័ន នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឯក​អគ្គរដ្ឋទូតបានបញ្ជាក់ថា ទោះបីឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណា ចក្រកម្ពុជាក៏ដោយ ក៏ឯកឧត្តមនៅតែខិតខំបន្តជួយជំរុញលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ខាងនយោ​បាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទំាងពីរឱ្យកាន់តែខ្លាំងខ្លាថែមទៀត។ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន គឺជាមិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងពង្រីក និងពូនជ្រុំបន្ថែមទៀត។ ឆ្លៀតឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតនាំយកលិខិតរបស់ ឯកឧត្តមប្រធាន ព្រឹទ្ធសភាប៉ាគីស្ថាន ផ្ញើជូន​ដើ​ម្បីសុំអញ្ជើញសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាននា ពេលវេលាសមស្របណាមួយ។

ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ  បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តម អាមយ៉ាត អាលី ស្ស៊ា នៅព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទន។ សម្តេចប្រធានព្រឹទ្ធសភា បានកត់សម្គាល់ឃើញថា ឯកឧត្តម និងស្ថានទូតប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា មានទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់  និងជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជាពិសេសជាមួយនឹងប្រជាជនកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ជាពិសេសការលើកស្ទួយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចណ៍ ដែលនាំមកនូវ ផលប្រយោជន៍ដ៏ធំធេងឱ្យគ្នាទៅវិញទៅមក។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលប៉ាគីស្ថាន ដែលបានបញ្ជូនអ្នក សង្កេតការណ៍មកចូលរួមសង្កេតការណ៍ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា កាលពីឆ្នាំ២០១៨។ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានត្រៀមខ្លួន ជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងឯកអគ្គរដ្ឋទូតថ្មី និងស្ថានទូតនៃសាធារណរដ្ឋអ៊ីស្លាម ប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុង​ពង្រឹងពង្រីកទំនាក់ ទំនងមិត្ត​ភាព សាមគ្គី ភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។

ជាការឆ្លើយតប ចំពោះការអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអ៊ីស្លាម ប៉ាគីស្ថាន សម្តេចប្រធានព្រឹទ្ធសភា នឹងរកពេលវេលាសមស្របណាមួយ ដើម្បីទៅបំពេញទស្សនកិច្ចនៅសា​ធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន៕

ដោយ ប៉ាល់ សុ