សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចក្នុងការបត់បែន ដើម្បីជំរុញកូរ៉េខាងជើងចៀសវាងការបង្កហេតុ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩​ — ប្រេសិតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីមានភាពបត់បែនក្នុងការចរចាជាមួយប្រទេសកូរ៉េខាងជើង ស្តីពីការរុះរើកម្មវិធីអាវុធ នុយក្លេអ៊ែររបស់របបមួយនេះ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Kelly Craft បានធ្វើការកត់សម្គាល់ដូចនេះនៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅពេលដែលពេលវេលាកំណត់ចុងឆ្នាំរបស់ទីក្រុងព្យុងយ៉ាងសម្រាប់កិច្ចចរចានុយក្លេអ៊ែរ ជាមួយទីក្រុងវ៉ាស៊ីនតោនបានខិតជិតមកដល់។

ដោយស្របពេលដែលបង្ហាញថា កូរ៉េខាងជើងកំពុងត្រៀមបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ លោកស្រី Craft បានព្រមានថា សកម្មភាពបែបនេះនឹងធ្វើឱ្យកាន់តែស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងដែលសម្រេចដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេនៅប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅ។

លោកស្រី Craft បាននិយាយប្រាប់ក្រុមប្រឹក្សានេះនៅទីក្រុងញូវយ៉កតាមរយៈវីដេអូផ្សាយផ្ទាល់តាមអ៊ិនធឺណែតថា «យើងនៅតែត្រៀមខ្លួនធ្វើសកម្មភាពស្របគ្នា និងចាត់វិធានការជាក់ស្តែងឆ្ពោះទៅរកកិច្ចព្រមព្រៀងនេះ»។

លោកស្រីបាននិយាយបន្តទៀតថា «យើងបានត្រៀមលក្ខណៈដើម្បីអាចបត់បែនបាន… ហើយយើងទទួលស្គាល់តម្រូវការសម្រាប់តុល្យភាពនៃកិច្ចព្រមព្រៀងមួយដែលដោះស្រាយកង្វល់របស់ភាគីទាំងអស់»។ ប៉ុន្តែយើងមិនអាចធ្វើវាតែម្នាក់ឯងបានទេ។ កូរ៉េខាងជើងត្រូវតែធ្វើការសម្រេចចិត្តដ៏លំបាក និងក្លាហាននេះដើម្បីធ្វើការជាមួយយើង»។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុនកិច្ចប្រជុំ លោកស្រីបាននិយាយថា ប្រទេសកូរ៉េខាងជើង «ត្រូវតែបំពេញតួនាទីរបស់ខ្លួន ហើយវាត្រូវតែចៀសវាងនូវការបង្កហេតុនានា»៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)