ប្រធានក្រុមប្រឹក្សាសហគមន៍អឺរ៉ុបបញ្ជាក់ការពន្យារពេល នៃការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីរយៈពេល ៦ខែ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ — ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានបញ្ជាក់នៅថ្ងៃសុក្រថា ប្លុកនេះ​បាន​សម្រេចចិត្ត​    ពន្យារពេលការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីក្នុងរយៈពេល ៦ខែ។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ប្រភពការទូតបានប្រាប់សារព័ត៌មាន Sputnik ថា មេដឹកនាំ​នៃ​ប្រទេសជាសមាជិកសហភាពអឺរ៉ុប បានសម្រេចចិត្តពន្យារពេលដាក់ទណ្ឌកម្មរយៈពេល ៦ខែ។

លោក Michel បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបថា ទាក់​ទងនឹងប្រទេសរុស្ស៊ី និងអ៊ុយក្រែនយើងបានស្តាប់របាយការណ៍ដែលបានរៀបចំ​ដោយ​បារាំង​និងអាល្លឺម៉ង់ បន្ទាប់ពីកិច្ចប្រជុំកំពូលដែលមានទំរង់ណ័រមែនឌី (Normandy-format) នៅ​ទីក្រុង​ប៉ារីស [ ដែលបានធ្វើឡើង​កាលពីថ្ងៃទី៩ ខែធ្នូ ]។ ទាំងនេះ គឺជាឱកាសដើម្បីផ្លាស់ប្តូរយោបល់​លើ​​ស្ថានភាព​​ក្នុង​តំបន់ និងការសម្រេចចិត្តពន្យារទណ្ឌកម្មរយៈពេល ៦ខែ។

លោកក៏បានសង្កត់ធ្ងន់ផងដែរ ផ្អែកលើភាពចាំបាច់ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុង​មីនស៍(Minsk)​ ស្តីពីការដោះស្រាយជម្លោះនៅតំបន់ Donbas នៃប្រទេសអ៊ុយក្រែនភាគ​ខាង​កើត​។

កិច្ចពិភាក្សាទ្រង់ទ្រាយណ័រមែនឌី ដែលរួមមាន៖ ប្រទេសរុស្ស៊ី អាល្លឺម៉ង់ បារាំង និង​ អ៊ុយក្រែន ដែលធ្វើឡើងនៅទីក្រុងប៉ារីសកាលពីថ្ងៃទី៩ ខែធ្នូ កន្លងមកនោះ គឺជាកិច្ចចរចាក្នុង​ទំរង់​បែបនេះដំបូងចាប់តាំងពីខែតុលា ឆ្នាំ២០១៦មក។ ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព​ទាក់ទងនឹងការតាំងទីលំនៅនៅតំបន់ Donbass នៃប្រទេសអ៊ុយក្រែនភាគខាងកើត បាន​ឈាន​ដល់របៀបវារៈនៅឯកិច្ចចរចា Normandie បួន៕

( ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល )