អាល្លឺម៉ង់ផ្តល់ថវិកាចំនួន២លានអឺរ៉ូបឲ្យទៅគណៈកម្មការទន្លេមេគង្គដើម្បីអនុវត្តន៍គម្រោងទប់ស្កាត់ផលប៉ះពាល់បរិស្ថានឆ្លងដែន

វិទ្យុជាតិកម្ពុជា ៖ស៊ឹង សុផារី ១៣.១២.១៩៖

ប្រទេសអាល្លឺម៉ង់បានផ្តល់ថវិកាចំនួន ២លានអឺរ៉ូបន្ថែមទៀត ឲ្យទៅគណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាធនធានទឹកឆ្លងដែន និងផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា ក្នុងការពិនិត្យតាមដានផលប៉ះពាល់បរិស្ថានឆ្លងដែន ពីទំនប់វារីអគ្គិសនីតាមដងទន្លេនៃទន្លេមេគង្គក្រោម។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ថវិកានេះ ធ្វើឡើងដោយលោកបណ្ឌិត អានពេជ្រ ហត្ថដា នាយកប្រតិបត្តិលេខាធិការដ្ឋាន MRC និងលោក យិនស៍ លុធឃិនហែម (Jens Lütkenherm) ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ប្រចាំប្រទេសឡាវ នៅទីក្រុងវៀងចន្ទន៏ ប្រទេសឡាវ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ ។
MRC បានបញ្ជាក់ថា មូលនិធិបន្ថែមនេះ បានធ្វើឲ្យការចូលរួមចំណែកថវិការបស់ប្រទេសអាល្លឺម៉ង់សម្រាប់MRC កើនដល់ចំនួន៦.៤៥លានអឺរ៉ូ សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្របច្ចុប្បន្ន ឆ្នាំ២០១៦-២០២០ និងការចាប់ផ្តើមផែនការថ្មី ឆ្នាំ២០២១-២០២៥ ក្នុងគោលបំណងជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើការរៀបចំផែនការ និងគ្រប់គ្រងធនធានទឹកឆ្លងដែនក្នុងចំណោមប្រទេសតាមដងទន្លេមេគង្គក្រោម ដែលរួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ។
លោកបណ្ឌិត អានពេជ្រ ហត្ថដា មានប្រសាសន៍ថា ការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់ចំពេលដែលទន្លេមេគង្គកំពុងប្រឈមនឹងការថ្លឹងថ្លែងដ៏ពិបាក រវាងការបង្កើនការអភិវឌ្ឍក្នុងវិស័យថាមពល ដឹកជញ្ជូន និងកសិកម្ម និងផលប៉ះពាល់លើបរិស្ថាន និងការប្រកបរបរចិញ្ចឹមជីវិត របស់ប្រជាជនក្នុងស្រុក ។
លោកបានបន្តថា យោងតាមលទ្ធផលការពិនិត្យតាមដានលំហូរទឹករបស់ MRCចុងក្រោយបំផុត បានបង្ហាញថា គ្រោះរាំងស្ងួតឆ្នាំ២០១៩ បានបណ្តាលឲ្យកម្រិតទឹកទន្លេមេគង្គធ្លាក់ដល់កម្រិតទាបបំផុត នៅក្នុងប្រវត្តិសាស្ត្រ ឬក្នុងកំឡុងពេល៦០ឆ្នាំចុងក្រោយនេះ។ តំបន់ភាគច្រើនតាមអាងទន្លេ កំពុងជួបប្រទះនូវលំហូរទឹកទាបគួរ ឲ្យកត់សម្គាល់ចាប់តាំងពីខែមិថុនាមក ។លទ្ធផលបង្ហាញបន្ថែមថា លំហូរទឹកទាបខ្លាំង ការធ្លាក់ចុះយឺតនៃសារធាតុកករ និងវត្តមានសារាយឬស្លែនៅលើដីខ្សាច់ និងស្រទាប់បាតទន្លេ គឺជាមូលហេតុដែលបណ្តាលឲ្យពណ៌ទឹកទន្លេមេគង្គបែ្រជាពណ៌ខៀវបៃតងនាពេលថ្មីៗនេះ ។
លោក យិនស៍ លុធឃិនហែម មានប្រសាសន៍ថា ថវិកាបន្ថែមរបស់ប្រទេសអាល្លឺម៉ង់នេះ នឹងផ្តល់លទ្ធភាពដល់MRC ពន្លឿនកិច្ចការវាយតម្លៃផលប៉ះពាល់ទាំងនោះ និងធានាថាភាគីដែលធ្វើការសម្រេចចិត្តទាំងអស់ នៅក្នុងអាងទន្លេបានយល់ដឹងពីផលវិបាកនានា និងចាត់វិធានការឲ្យបានសមស្របនិងទាន់ពេលវេលា។
សូមបញ្ជាក់ថា គណៈកម្មការទន្លេមេគង្គ ជាស្ថាប័នអន្តររដ្ឋាភិបាល ដែលមានតួនាទីជំរុញលើកកម្ពស់កិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ នៅក្នុងតំបន់អាងទន្លេមេគង្គខ្សែទឹកខាងក្រោម ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ផ្អែកទៅតាមកិច្ចព្រមព្រៀងទន្លេមេគង្គ រវាងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម៕