រដ្ឋមន្រ្តីក្រសួងកសិកម្មប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញារងថ្នាក់បរិញ្ញាប្រមាណ១៣០០នាក់នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប

វិទ្យុជាតិកម្ពុជា ៖

រដ្ឋមន្រ្តីក្រសួងកសិកម្មប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញារង ថ្នាក់បរិញ្ញាប្រមាណ១៣០០នាក់នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សា ដោយជោគជ័យ ហើយបានក្លាយជាធនធានមនុស្សក្នុងវិស័យកសិកម្មដ៏សំខាន់ របស់កម្ពុជា។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា និស្សិតដែលបញ្ចប់ការសិក្សាចំនួន ១ ៣៣០នាក់នេះ ក្នុងនោះស្រ្តី ៤៥៦នាក់ ដោយបែងចែកទៅតាមជំនាញដូចជា វិទ្យាសាស្រ្តកសិកម្ម វិទ្យាសាស្ត្រព្រៃឈើ វិទ្យាសាស្ត្រជលផល វិទ្យាសាស្ត្រសត្វ វេជ្ជសាស្រ្តសត្វ កសិឧស្សាហកម្ម និងសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍជនបទ។
ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវមនោសញ្ចេតនាស្វាគមន៍និងចាត់ទុកលទ្ធផលនៃជ័យលាភីរបស់និស្សិតនាពេលនេះ គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែង រៀនសូត្ររបស់ក្មួយៗនិស្សិត ដែលបានព្យាយាមតស៊ូគ្រប់បែបយ៉ាងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយផ្លែផ្កានេះគឺជាស្ពានចម្លងឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងរបស់ក្មួយៗ ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។ ឯកឧត្តមបន្ថែមថា ជោគជ័យនេះ មិនត្រឹមតែមានអត្ថន័យជ្រាលជ្រៅសម្រាប់ក្មួយៗ ក៏ដូចជាក្រុមគ្រួសារ និងសង្គមជាតិទាំងមូលប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សដែលជាធនាគារបញ្ញាសម្រាប់ចូល រួមអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ជាពិសេសវិស័យកសិកម្មឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ដោយផ្តោតទៅលើគោលការណ៍អាទិភាពចំនួន៤ គឺ មនុស្ស ផ្លូវ ភ្លើង និងទឹក ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។
ឯកឧត្តមរដ្ឋមន្រ្តីបានអៈអាងថា ដោយសារសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយគឺបានខិតខំពន្លឿនការអនុវត្តកម្មវិធីនិងគោលនយោបាយអាទិភាពសំខាន់ៗក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស៕