ខណ្ឌជលផលស្ទឹងត្រែងដាក់ផែនការអភិរក្សត្រីមេពូជ វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា៖

មន្ត្រីខណ្ឌជលផលស្ទឹងត្រែងដាក់ផែនការអភិរក្សត្រីមេពូជឱ្យបានលើសពី៣.០០០តោនក្នុងមួយឆ្នាំ ដើម្បីធ្វើឱ្យធនធានមច្ឆជាតិសម្បូរបែបឡើងវិញ តែត្រូវការអោយមានការ គោរពច្បាប់ជលផល ពីប្រជាអ្នកនេសាទទាំងអស់គ្នា និងចូលរួមបង្ក្រាបបទល្មើសឱ្យបានសកម្ម។
ក្នុងពិធីបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទភូមិកាំងដី ស នៅសង្កាត់ព្រះបាត ក្រុងខេត្តស្ទឹងត្រែង លោកទំ នីរ៉ូ ប្រធានខណ្ឌជលផលបានបញ្ជាក់ថា៖យើងត្រូវពូនផ្តុំកម្លាំងគ្នាឱ្យច្រើនដើម្បីទប់ស្កាត់និងលប់បំបាត់បទល្មើស- ឆក -គប់គ្រាប់-និងដាក់ថ្នាំបំពុលយកត្រី-ឱ្យមកស្ថិតនៅកំរិតទាប ព្រោះនៅឆ្នាំ២០១៩នេះ យើងធ្វើសកម្មភាពល្បាតយ៉ាងសកម្ម ធ្វើអោយបទល្មើស ថយចុះជាង៦០% ហើយត្រីមេពូជមានការកើនឡើងជាងឆ្នាំកន្លងមក។ លោកបន្តថា៖គណៈកម្មការសហគមន៍នេសាទ និងសមាជិក មានសិទ្ធគ្រប់គ្រាន់សម្រាប់រួមគ្នាបង្ក្រាបបទល្មើស ដើម្បី ធ្វើឱ្យសម្រេច ផែនការអភិរក្សត្រីមេពូជ ក្នុងមួយឆ្នាំឱ្យបាន៣.០០០តោន ដូចនេះយើងមិនអាចខ្វះការចូលរួមពីបងប្អូននោះទេ។
(សម្លេង)ត្រូវការទាំងអស់ទាំងអាជ្ញាធរទាំងស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងសហគមន៍ទាំងសារព័ត៌មានរួមជាមួយព្រះសង្ឃនៅវត្តយើងត្រូវការទាំងអស់អ្នកពាក់ព័ន្ធ ដើម្បីជាការអប់រំណែនាំ ដាស់តឿន ចូលរួមទាំងអស់គ្នាដើម្បីទប់ស្ថានភាពនេះកុំឱ្យវាទៅដល់បាត។
លោកសាយ កុសល អភិបាលក្រុងស្ទឹងត្រែងបានសាទរជាមួយការយកចិត្តទុកដាក់នេះព្រោះធនធានមច្ឆជាតិជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ហើយបច្ចុប្បន្នត្រីធម្មជាតិទន្លេមេគង្គបាននាំចេញពីខេត្តស្ទឹងត្រែង ស្ទើរទូទាំងប្រទេសទៅហើយដូចនេះយើងមានភារកិច្ចទទួលខុសត្រូវ។
(សម្លេង)ពីមុន ឃើញថាតំបន់នេះគេមានទាំងអស់ប៉ុន្តែយើងនៅក្បែក្រុងចំផុតហើយជាតំបន់ក្រៅជាកន្លែងឆ្លងកាត់ការប្រព្រឹត្តបទល្មើសប៉ុន្តែខ្វះសិទ្ធនិងដែនសមត្ថកិច្ចក្នុងការចូលរួមយើងតែងតែប្រគល់ទៅឱ្យជំនាញនិងកងកម្លាំងធ្វើការបង្ក្រាបប៉ុន្តែពេលនេះយើងមានសហគមន៍មួយខ្លួនឯងដើម្បីទទួលខុសត្រូវនិងចូលរួមផ្ទាល់ជាម្ចាស់ខ្លួនឯងនៅក្នុងដែនរបស់ខ្លួន។
លោក ម៉ា សុខៈប្រធានគណៈកម្មការសហគមន៍នេសាទ ភូមិកាំងដី ស សង្កាត់ព្រះបាទបានគាំទ្រកិច្ចការងារអភិរក្សត្រីមេពូជនេះ ព្រោះនៅពេលសហគមន៍មានការទទួលស្គាល់ពេញសិទ្ធ និងមានភាពងាយស្រួល បានសហការជាសមត្ថកិច្ចមូលដ្ឋាន។
(សម្លេង)ជាពិសេសទាក់ទងទៅនិងសមត្ថកិច្ចសូមឱ្យមានសមត្ថកិច្ចចុះតាមដានជាមួយព្រោះអីដូចរាល់ដងគាត់អត់បានចូលរួមជាមួយយើងទេ អញ្ចឹងចាប់ពីពេលនេះទៅនិងមានវត្តមានពួកគាត់ចូលរួមជាមួយ ទប់ស្កាត់រាល់បទល្មើសទាំងឡាយណាដែលកើតឡើងនៅក្នុងសហគមន៍របស់យើងនេះឱ្យមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ។
សូមបញ្ជាក់ថា៖ក្រោយពីបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទរួមមកខណ្ឌជល
ផលបានផ្តល់ទូកម៉ាស៊ីនមួយគ្រឿងឱ្យទៅសហគមន៍នេសាទភូមិកាំងដីសនេះផងដែរដើម្បីបង្កលទ្ធភាព
ឱ្យសមាជិកទាំង១១រូបជាប់ឆ្នោតបំពេញការងារមានប្រសិទ្ធភាពក្នុងការអភិរក្សត្រីមេពូជ៕