មន្ត្រីជាន់ខ្ពស់អង្គការ ILO កោតសសើរចំពោះវឌ្ឍនភាពលើវិស័យការងារនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ — មន្ត្រីជាន់ខ្ពស់អង្គការអន្ដរជាតិខាងការងារ(ILO) បានកោតសសើចំពោះវឌ្ឍនភាពខាងការងារ របស់ប្រទេសកម្ពុជា ដែលបណ្តាប្រទេសមួយចំនួនមិនអាចធ្វើបានដូចកម្ពុជានោះទេ។

ថ្លែងក្នុងកិច្ចប្រជុំលើកទី៤របស់គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និង​វាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥- ២០២៥​កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នៅសណ្ឋាគារ ឌឺហ្គ្រេតឌូក លោកស្រី Makiko Matsumoto អ្នកជំនាញជាន់ខ្ពស់ខាងមុខរបរ និងការងាររបស់អង្កការអន្ដរជាតិខាងការងារ (ILO) បានលើកឡើងអំពីការរីកចម្រើនលើវិស័យការងាររបស់កម្ពុជានាពេលកន្លងនេះ ដោយ​រាជរដ្ឋាភិបាលបានជ្រោមជ្រែង ពិសេសនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ជួយដោះស្រាយបានជាបន្តបន្ទាប់ចំពោះវិស័យការងារ។ លោកស្រីបានបញ្ជាក់ថា “ខ្ញុំបាន​មើល​ឃើញថាវិស័យការងារនៅកម្ពុជាមានវឌ្ឍនភាព ហើយប្រទេសផ្សេងមិនអាចធ្វើបាន​អីញ្ចឹងទេ។ អីញ្ចឹងខ្ញុំគិតថាវាមានវឌ្ឍនភាព ប៉ុន្តែយើងនៅ មានចំណុចខ្សោយមួយ​ចំនួន​គឺការ​បង្កើតឱ្យមានតម្រូវការទីផ្សារការងារ ឬឱកាសការងារ ដែលចំណុចនេះគឺយើងទាមទារឱ្យ​មានការខិតខំបង្កើតយន្តការបន្ថែមទៀត ដើម្បីបង្កើនការងារច្រើន។”

លោកស្រីបានបន្ថែមថា កម្ពុជាមានគោលនយោបាយច្រើនត្រូវមានការចូលរួមពីអន្តរ ក្រសួង ក្នុងការពិភាក្សារប៉ុន្តែពេលកន្លងមក ទោះបីជាមានគោលនយោបាយយ៉ាង ណាក្តី ក៏ការអនុវត្តមិនសូវបានធ្វើបានពេញលេញនោះទេ ហើយកត្តានេះយើងត្រូវតែពិនិត្យឡើងវិញ ពីគ្រប់ភាគី។ លោកស្រីបានបន្ថែមទៀតថា “ខ្ញុំចង់បញ្ហាថាបច្ចុប្បន្ននេះ ILO បានឃើញ និង​មានបទពិសោធន៍ផងដែរទាក់ទងនឹងការងារដែលយើងបានផ្តល់ ទៅលើគោលនយោ​បាយ​ជាតិ និងមុខរបរនេះ មិនថាកម្ពុជានោះទេ គឺទៅបណ្តាប្រទេសលើសកលលោក យើងឃើញ​ថាមានឧបសគ្គស្រដៀងគ្នារវាងប្រទេសទាំងឡាយហ្នឹង ប៉ុន្តែកម្ពុជា​មានវឌ្ឍនភាពខាង​វិស័យ​ការងារ”។ លោកស្រីបានលើកឡើងថា ការធ្វើបែបនេះដើម្បីឱ្យប្រជាជនស្វែងរកការងារបាន និងមានឱកាស ក្នុងការធ្វើការងារនៅតាមមូលដ្ឋាន ដើម្បីទទួលបានប្រាក់កំរៃ​សមស្របនឹង​កម្លាំងពលកម្ម ឬស្វែងរកកន្លែងការងារឱ្យពួកធ្វើ។ ជាមួយគ្នានេះ ការបង្ហាញរបាយការណ៍​ទៀតទាត់ក៏ជាលក្ខខណៈល្អប្រសើរផងដែរពាក់ព័ន្ធនឹងការស្វែងរកការងារ និងរកការងារឱ្យ​ប្រជាពលរដ្ឋធ្វើ។ លោកស្រីបានកត់សម្គាល់ឃើញថា កម្ពុជាមានវិស័យច្រើនបានរីកចម្រើន ដែលធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានមកឆ្នាំនេះ។ ប៉ុន្តែយើង ឃើញថា​ក៏នៅមាន​បញ្ហាមួយចំនួនទាក់ទងនឹងអាត្រាការងារធ្វើរបស់ប្រជាពលរដ្ឋនៅមាន​អ្នកធ្វើ​ចំណាក់ស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស។

លោកស្រី Makiko Matsumoto ក៏បានបញ្ជាក់បន្ថែមដែរថា បញ្ហាចំណាកស្រុក​ស្វែងរក​ការងារធ្វើនេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារគួរតែ គិតគូរស្វែងរកការងារក្នុងប្រទេស​ជូនពួកគាត់។ ទន្ទឹមនេះ អង្គការ ILO នឹងនៅបន្តជួយបណ្តុះបណ្តាលផ្នែក​បច្ចេកទេសដល់​កម្ពុជាផងដែរ។

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួ លស្គាល់ចំពោះការលើកឡើងនេះ ពិសេសការធ្វើចំណាកស្រុករបស់ពលករដើម្បីស្វែងរក ការងារធ្វើនៅក្រៅប្រទេស។ ឯកឧត្ដមបានបញ្ជាក់ថា ចំពោះបញ្ហាចំណាកស្រុកស្វែងរកការ​ងារធ្វើ​របស់ពលករនោះវាជាបញ្ហាចរន្តក្នុងពិភពលោកទៅហើយ ព្រោះថានៅក្នុងប្រទេសណា​ក៏មានបញ្ហាចំណាកស្រុកស្វែងរកការងារនោះដែរ ព្រោះពួកគេទទួលបានប្រាក់ឈ្នួលច្រើន។

ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “យើងគួរតែកែទម្រង់នៃកិច្ចប្រជុំត្រួតពិនិត្យ និង​វាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ នេះគឺយើងត្រូវធ្វើ ឡើង​នៅដើមឆ្នាំ២០២០។ នៅក្នុងត្រីមាស សម្រាប់ឆ្នាំ២០២០ យើងគួរតែធ្វើឱ្យទៀតទាត់ ព្រោះអ្វី​ដែល​ជាទិសដៅ យើងដាក់ដើម្បីពិនិត្យពិភាក្សា។” ឯកឧត្ដមបានបន្ដថា បច្ចុប្បន្ននេះ​វិស័យការ​ងារមានការវិវឌ្ឍលឿនណាស់ ហើយការវិវឌ្ឍរបស់កម្ពុជានេះ បានធ្វើឱ្យមានចលភាព​នៃកម្លាំងពលកម្ម ឬចំណាកស្រុក ពីកន្លែងមួយទៅកន្លែងមួយក្នុងប្រទេស និងចេញទៅក្រៅ​ប្រទេស។ ទន្ទឹមនេះ បច្ចុប្បន្នក៏មានការប្តូរពីកសិកម្មមកវិស័យឧស្សាហកម្ម សំណង់ ជាដើម ដែលធ្វើឱ្យវិស័យកសិកម្មថយចុះ។

តែទោះបីយ៉ាងណាក្ដី ចំពោះបញ្ហាសង្គ្រាមពាណិជ្ជកម្មយើងមិនអាចទស្សទាយបានទេ​ថានឹងកើតអ្វីដល់កម្ពុជា ប៉ុន្តែកម្ពុជាត្រូវតែគិតគូរពីបញ្ហារកការងារ និងមុខរបរជូនប្រជា ពលរដ្ឋដើម្បីឆ្លើយតបតម្រូវការក្នុងស្រុក។ ដោយឡែក ចំពោះចរន្តដែលនាំឱ្យពលករធ្វើការ​ចំណាក់ស្រុកទៅប្រទេសក្រៅដោយសារតែប្រាក់ខែខ្ពស់ ជាក់ស្តែងនោះពលករកម្ពុជា ទៅ​ប្រទេសថៃដោយសារតែបញ្ហាប្រាក់។

បើទោះបីជាមានពលករកម្ពុជាធ្វើចំណាក់ស្រុកទៅក្រៅប្រទេសយ៉ាងណាក្តី បច្ចុប្បន្ន នេះ នៅក្នុងប្រទេសកម្ពុជា ក៏មានកន្លែងខ្លះបានកំពុងតែទាញយកកម្លាំងពលកម្មច្រើន ដូច​ជាចំការចេក ចំការស្វាយ ហើយកម្លាំងពលកម្មទទួលបានប្រាក់ខែច្រើនគួរសមដែរ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា តាមរយៈរបាយការណ៍អង្គការ ILO កម្ពុជាមាន​អាត្រាអ្នកមានការងារធ្វើ៩៩.៣ភាគរយទៅហើយ ប៉ុន្តែចំនួននេះមិនមែនមានន័យថា​កម្ពុជា​មានចំនួនការងារច្រើននៅក្នុងប្រទេសអាស៊ាននោះទេ៕

ដោយ ប៊ុនរិទ្ធ