សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ជុំវិញការឆ្លើយតបចុងក្រោយរបស់ខ្លួន ចំពោះរបាយការណ៍របស់គណៈកម្មការអឺរ៉ុប

វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអោយដឹងថាអនុលោមតាមនីតិវិធីរបស់សហភាពអឺរ៉ុប រាជរដ្ឋាភិបាលកម្ពុជាមានភារកិច្ចប្រគល់ជូនគណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នូវការឆ្លើយតបចុងក្រោយរបស់ខ្លួនចំពោះរបាយការណ៍របស់គណៈកម្មការអឺរ៉ុបអំពីការរកឃើញ និងសន្និដ្ឋានពាក់ព័ន្ធនឹងនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្នដែលបានផ្តល់ឲ្យព្រះរាជាណាចក្រកម្ពុជា ក្រោមកម្មវិធី “គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA”។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩បានបញ្ជាក់ថា សេចក្តីឆ្លើយតបចុងក្រោយនេះ គឺជារបាយការណ៍គ្រប់ជ្រុងជ្រោយអំពីសកម្មភាព និងវិធានការណ៍នានា ដែលរាជរដ្ឋាភិបាលបានអនុវត្តឆ្លើយតបទៅនឹងបញ្ហាទាំងឡាយដែលជាការព្រួយបារម្ភរបស់គណៈ កម្មការអឺរ៉ុប ជាអាទិ៍រួមមានការគោរពសិទ្ធិក្នុងការចូលរួមនយោបាយ សិទ្ធិដីធ្លី សេរីភាពបញ្ចេញមតិ និងសេរីភាពបង្កើតសមាគម ជាដើម។
សេចក្តីថ្លែងការណ៍បន្តទៀតថាក្នុងចន្លោះពេលដែលគណៈកម្មការអឺរ៉ុប ចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួន នៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ រាជរដ្ឋាភិបាលសង្ឃឹមថា គណៈកម្មការអឺរ៉ុបនឹងធ្វើការពិចារណាលើកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តរាល់អនុសញ្ញាអន្តរជាតិទាំងអស់ ក្រោមលក្ខខណ្ឌអនុគ្រោះពន្ធ “គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA” ដែលអាចផ្តល់ផលប៉ះពាល់សង្គម ដល់កម្មការិនីប្រមាណជិតមួយលាននាក់ និងផលប៉ះពាល់ដោយប្រយោលដល់ក្រុមគ្រួសារសាច់ញាតិ ដែលរស់នៅពឹងផ្អែកលើប្រាក់ឈ្នួលរបស់ពួកគេ រួមទាំងការគោរពនូវគោលការណ៍អធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា៕