រដ្ឋមន្រ្តីក្រសួងព័ត៌មាន គំាទ្រគម្រោងតាំងបង្ហាញរូបថតប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងរបបសម័យខ្មែរក្រហម

វិទ្យុជាតិកម្ពុជា៖ ដោយ ប៉ុង សុភាវី  រូបថត ខឹម សុវណ្ណរ៉ា

MC៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានគាំទ្រគម្រោងតាំងបង្ហាញរូបថតប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងរបបសម័យខ្មែរក្រហម ដើម្បីអោយប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេស បានស្វែងយល់ពីឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ខ្លួនឯង យ៉ាងសាហាវឃោឃៅក្រោមការដឹកនាំរបស់ពួកខ្មែរក្រហម ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានសំដែងនូវការគាំទ្រចំពោះគម្រោងការដាក់តាំងរូបថត ប្រវត្តិសាស្រ្តរបស់កម្ពុជា នៅក្នុងសម័យខ្មែរក្រហមគ្រប់គ្រង ដែលរៀបចំ ឡើងដោយលោក ញ៉ែម អេន អតីតអ្នកថតរូប នៅគុកទួលស្លែង និងជាប្រធានអង្គការអភិវឌ្ឍតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តអន្លង់វែង ។
ការបង្ហាញការគាំទ្រនេះបានធ្វើឡើងនៅក្នុងឱកាសដែល លោក ញ៉ែម អេន អតីតអ្នកថតរូប នៅគុកទួលស្លែង និងជាប្រធានអង្គការអភិវឌ្ឍន៍តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តអន្លង់វែង បានចូលជួបជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នៅទីស្តីការក្រសួង ដើម្បីជម្រាបពីបំណងរៀបចំគម្រោងការដាក់តាំងរូបថត ប្រវត្តិសាស្រ្តរបស់កម្ពុជា នៅក្នុងសម័យខ្មែរក្រហមគ្រប់គ្រង។
ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ជាយោបល់ដល់លោក ញ៉ែម អេន ដោយជំហានដំបូង ត្រូវបង្កើតអោយមានទីតាំងណាមួយច្បាស់លាស់ជាមុនសិន និងស្វែងរកថវិកាទ្រទ្រង់ អោយបានរឹងមាំដើម្បីធានាឲ្យព្រឹត្តិការណ៍នេះបានដំណើរការទៅដោយរលូនហើយចាំសម្រេចឈានទៅបង្កើតនៅតំបន់ផ្សេងបន្តទៀត។
ឯកឧត្តម បានបញ្ជាក់ថា គម្រោងតំាងបង្ហាញរូបភាពស្តីពី របបខ្មែរក្រហមនេះ នឹងទទួលបានការគាំទ្រជាច្រើនពីសាធារណៈជនទូទៅ រួមទាំងភ្ញៀវទេសចរបរទេស ចូលទស្សនា និងសិក្សាស្វែងយល់ពីរូបភាពទំាងនោះ។
លោក ញ៉ែម អេន បានជម្រាបជូនថា ដោយសារលោកជាអ្នកថតនៅគុកទួលស្លែង រយៈពេលជាង៣ឆ្នាំ នៃរបបប្រល័យពូជសាសន៍ប៉ុលពត គឺលោកមានរូបថតជាច្រើន របស់មេដឹកនាំខ្មែរក្រហម និងរួបឯកសារ ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា កាលពីសម័យ នោះ ហើយលោកបានរក្សាទុករហូតមកដល់បច្ចុប្បន្ននេះ ។
លោកបញ្ជាក់ថា ជាផែនការលោកចង់បង្កើតជាសារមន្ទីររូបថត នៅខេត្តសៀមរាប ជាពិសេសតំបន់អន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាទីតាំងចុងក្រោយនៃការដូលរលំនៃរបបខ្មែរក្រហម ក្នុងគោលបំណងចង់បង្ហាញ អោយប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បានឃើញនូវរូបថតឯកសារប្រវត្តិសាស្ត្រទាំងអស់នេះ។ ជាពិសេស ក្នុងឱកាស តាំងរូបថតនេះ ក៏មានអង្គការអភិវឌ្ឍន៍តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តអន្លង់វែង នឹងជួយធ្វើការផ្សព្វផ្សាយ ផ្តោតសំខាន់ ទៅលើឯកសារប្រវត្តិសាស្រ្ត របស់ប្រទេសកម្ពុជា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីអោយភ្ញៀវទេសចរបរទេស បានដឹងពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ក្រោមការដឹកនាំរបស់ពួកខ្មែរក្រហម ដែលបាន កាប់សំលាប់ប្រជាជាតិឯង និងបំផ្លាញចោលទាំងស្រុង នូវរាល់គ្រប់ហេដ្ឋារចនាសម្ពន្ធ័ រហូតដល់លេខសូន្យ។
សូមបញ្ជាក់ថា សារមន្ទីររូបថត ស្តីពីរបបខ្មែរក្រហម នេះ គ្រោងនឹងដាក់តាំងនូវរូបថតរបស់មេដឹកនាំខ្មែរក្រហមទាំងអស់ ដូចជា ប៉ុល ពត អៀង សារី, ខៀវ សំផន, នួន ជា , ជាដើម ដែលមានរូបថតចំរុះទាំងអស់ប្រមាណជាង១ម៉ឺនសន្លឹក ថតដោយលោក ញ៉ែម អេន ៕