ក្រសួងបរិស្ថានរៀបចំកម្លាំង សហការបន្ថែម ដើម្បីអភិរក្សតំបន់ ព្រៃឡង់ ឱ្យមានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ស្ទឹងត្រែង

M.Cតំបន់ព្រៃឡង់នៅតែមានបញ្ហាប្រឈមទៅនិងការកាប់បំផ្លាញធនធានធម្មជាតិ ហើយករណីនេះក្រសួងបរិស្ថានបានប្រជុំភាគីពាក់ព័ន្ធនៅខេត្តស្ទឹងត្រែង រៀបចំកម្លាំងសហការបន្ថែម ដើម្បីអភិរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ឱ្យមានប្រសិទ្ធភាពនៅឆ្នាំ២០២០នេះ។ អ្នកយកព័ត៌មានយើងរាយការណ៍
ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ ការពារ និងអភិរក្សព្រៃឈើសម្រាប់ឥណទានកាបូនក្នុងដែនជម្រកសត្វព្រៃឡង់នៅសាលាខេត្កស្ទឹងត្រែង កាលពីថ្ងៃទី១១ ធ្នូ កន្លងមកនេះ ឯកឧត្តម សូ ខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសថា៖ដែនជម្រកសត្វព្រៃឡង់ត្រូវបានប្រកាសជាតំបន់ការពារធម្មជាតិនៅឆ្នាំ២០១៦ ហើយបច្ចុប្បន្នកំពុងប្រឈមទៅនិងការកាប់ រុករាន ឆ្ការ ដុតព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធឯកជន។ ឯកឧត្តមបន្តថា៖បញ្ហានេះសមត្ថកិច្ចពាក់ព័ន្ធនិងមន្ត្រីបរិស្ថានបានរួមសហការគ្នាយ៉ាងសកម្មក្នុងការដើរល្បាត ទប់ស្កាត់ បង្ក្រាប តែបទល្មើសនៅតែកើតមាន។
(សម្លេង)៖ អញ្ចឹងកិច្ចការងារសំខាន់ដែលយើងជួបគ្នាថ្ងៃនេះដើម្បីពិនិត្យទាំងអស់គ្នាថាតើស្ថានភាពមួយឆ្នាំនេះដីព្រៃឈើប៉ុន្មានពាន់ហិចតាដែលបាននកាប់ទន្រ្ទានធ្វើជាកម្មសិទ្ធ ដាំដំណាំកសិកម្មហើយសូមអញ្ចើញ ចូលរួមផ្តល់យោបល់ពីឯកឧត្តម អស់លោកទាំងអស់ តើថាយើងត្រូវជំរុញការអនុវត្តកំរិតណាទៀត។
លោកដួងពៅអភិបាលរងខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ប៉ុន្មានឆ្នាំចុងក្រោយនេះអាជ្ញាធរពាក់ព័ន្ធបានសហការគ្នាធ្វើការអប់រំផង និងបង្ក្រាបផង និងមានករណីខ្លះសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាំង យកមកអនុវត្តតាមនិតិវិធីក៍មានដែរ»។

លោកបន្តថា៖ដើម្បីចាត់វិធានការនិងរៀបចំយុទ្ធសាស្ត្រក្នុងការរគ្រប់គ្រង់តំបន់ព្រៃឡង់ឱ្យបានជោគជ័យយើងត្រូវការរួមកម្លាំងគ្នាឱ្យបានច្រើន។
(សម្លេង) ៖«ជាសំណូមពររបស់ខេត្តគឺយើងនិងបង្កើតក្រុមការងារមួយមានខេត្តមានមន្ទីរពាក់ពន្ធ័ និងអាជ្ញាធរស្រុក អាជ្ញាធរឃុំ អាជ្ញាធរភូមិ និងអ្នកពាក់ពន្ធ័ ដើម្បីបង្កើតជាយន្តការមួយដើម្បីគាំទ្រក្នុងបេសកកម្មនៃការទប់ស្កាត់ក្នុងការថែរក្សាតំបន់ធម្មជាតិរបស់យើងឲ្យបានគង់វង្ស»។

លោកអាំ រេន មេភូមិអូឡង់ឃុំ ស្រុក សៀមបូក បានលើកឡើងថា៖ការអភិរក្សតំបន់ព្រៃឡង់នេះប្រជាពលរដ្ឋពិតជាចង់បាន ដើម្បីរក្សាបាននៅដើមឈើទាល- តា្រច- ខ្លុង-ធំៗដែលពួកគាត់អាស្រ័យផលសព្វថ្ងៃកុំឱ្យបាត់បង់។ លោកថា៖កិច្ចការងារអភិរក្សប្រជាពលរដ្ឋមិនដែលជំទាស់ទេមានតែចូលរួម ផ្តល់ព័ត៌មានទៅសមត្ថកិច្ច តែការ បង្ក្រាបពុំទាន់មានប្រសិទ្ធភាព ព្រោះនៅមានជនខិលខូចចូលមកកាប់ឈើធ្វើអាជិវកម្មដឹកនាំចេញទៅប៉ែកខាងខេត្តក្រចេះ។

លោក ទំ សារុំ មេឃុំសៀមបូក បានអះអាងថា៖អាជ្ញាធរភូមិ-ឃុំ-ដែលមានភូមិសាស្ត្រនៅជិតតំបន់នេះបានផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើបានទូលាយនិងអប់រំប្រជាពលរដ្ឋយើងឱ្យគាត់ងាកពីការពឹងផ្អែកលើផលអនុផលព្រៃឈើមកដាំដំណាំកសិកម្មវិញ ។ តែសូមឱ្យផ្នែកជំនាញកំណត់ដែនអភិរក្សឱ្យបានច្បាស់លាស់ ដើម្បីឱ្យបងប្អូនមានភាពងាយស្រួលប្រកបរបរចិញ្ចឹមជីវិត ។
សូមបញ្ជាក់ថា៖តំបន់ព្រៃឡង់នៅភូមិសាស្ត្រខេត្តស្ទឹងត្រែងមានបញ្ហាប្រឈមខ្ពស់ទៅនិងការកាប់ឈើនិងកាប់ព្រៃ -ដុតរានយកដី ចាប់ពីដើមឆ្នាំ២០១៨មកដល់ឆ្នាំ២០១៩នេះ មានផ្ទៃដីទំហ៊ំ១.៥០៤ហិកតា បង្កផលប៉ះពាល់ដែនជម្រកសត្វព្រៃ ព្រៃឡង់ដែលជាធនធានសម្បត្តិធម្មជាតិនៅសេសសល់ចុងក្រោយនេះ៕