កម្ពុជា និងតួកគី នាំមកនូវការផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅមកក្នុងការកសាងកងទ័ពនៃប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ ប្រចាំការ​ក្រសួងការពារជាតិ កាលពីរសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ​បាន​អនុញ្ញាតឱ្យ​ លោក​វរសេនីយ៍ឯក ​មូសា វ៉ុលកាន គូសគុន (Musa Volkan Kuzgun) អនុព័ន្ធយោធា​នៃសាធារណរដ្ឋតួកគី​ ប្រ​ចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​និវេសនដ្ឋាន​ នៅទីក្រុង​ប៉េកាំង​ ប្រទេស​ចិន ​ចូលជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារនៅ​រាជធានី​ភ្នំពេញ ​។

ក្នុងជំនួបនាឱកាសនោះ នាយឧត្តមសេនីយ៍ នាង ផាត ជំនួសមុខឱ្យ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងកា​រ​ពារ​ជាតិ​ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ ​រីក​រាយ​ និងស្និទ្ធស្នាល​បំផុត​ ចំពោះ​ដំណើ​របំពេញ​ការ​ងារ​ការ​ទូត​យោធា​​រប​ស់​ លោកវរសេនីយ៍ឯក មូសា វ៉ុលកាន គូសគុន ប្រធានការិយាល័យអនុព័ន្ធ​យោធា​ នៃសាធារណរដ្ឋតួកគី​នៅ​កម្ពុជា​លើកនេះ ដោយ​ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះដំណើរ​បំពេញ​ការ​ងារ​របស់​លោក​អនុព័ន្ធ​យោធា​តួកគី​នៅកម្ពុជា​លើក​នេះ​ថា​ នឹងនាំមកនូវការផ្លាស់ ប្ដូរបទ​ពិសោធន៍​ល្អៗ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុងការកសាង​កង​ទ័ព​មួយ​ ដើម្បីសមាហរណកម្ម​កង​ទ័ព​នៅ​ក្នុង​តំបន់​ឱ្យកាន់​តែ​មាន​សមត្ថភាព​ គុណ​ភាព​ លើ​ភារកិច្ច​ការពារ​ជាតិ​របស់​ខ្លួន ​និង​ការពារសន្តិសុខ ​សន្តិភាព ក្នុង​តំបន់​។ ​

លោកវរសេនីយ៍ឯក មូសា វ៉ុលកាន គូសគុន បាន​សម្ដែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ​ ក្រសួងការពារជាតិ និង​នាយ​ទាហានគ្រប់ជាន់ថ្នាក់ នៃកងយោធពលខេមរ​ភូមិន្ទ​ ចំពោះ​ការ​ទទួល​បដិសណ្ឋារកិច្ច​ នឹង​ស្វាគមន៍​ប្រកបដោយភាព​ស្និទ្ធស្នាល រាក់ទាក់ ដល់រូប​លោក​ និងសហការី​ ​ ​ព្រមទាំងបានផ្ដល់នូវបទ​ពិសោធន៍​ល្អៗ​របស់កងយោធពលខេមរ​ភូមិន្ទ​ និង​ស្ថានការណ៍​នយោបាយ​ថ្មីៗ​មួយចំនួន​នៅ​កម្ពុជា​។

លោកវរសេនីយ៍ឯក មូសា វ៉ុលកាន គូសគុន បានគោរពអញ្ជើញ​ដល​ថ្នាក់​ដឹកនាំ​ក្រសួងការពារជាតិ ពិសេស នាយឧត្តមសេនីយ៍ នាង ផាត ទៅបំពេញដំណើរទស្សន កិច្ចជាលក្ខណៈផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋតួកគី ទៅតាមពេលវេលាណាមួយ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ នាង ផាត ក៏បានបញ្ជាក់ និងថ្លែងការអរគុណ ចំពោះការយកចិត្តទុក​ដាក់​របស់​ លោកវរសេនីយ៍ឯក មូសា វ៉ុលកាន គូសគុន ដែលបានអញ្ជើញឯកឧត្តម ទៅបំពេញដំណើរទស្សនកិច្ចនៅប្រទេសតួកគី ហើយក៏សូមថ្លែងនូវអំណរអរគុណចំពោះរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គសេនាធិការកងទ័ពតួកគី ដែលកន្លងមកបានផ្សាភ្ជាប់ទំនាក់ទំនង នៃការរឹត ចំណងសាមគ្គីភាពមិត្តភាព កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ និងផ្ដល់នូវអាហារូបករណ៍​ដល់​កង​ទ័ព​កម្ពុជា ហើយកងទ័ពកម្ពុជា រីករាយស្វាគមន៍ ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​នេះ​។

នាយឧត្តមសេនីយ៍ នាង ផាត បានជូនពរ​ឱ្យ​ដំណើរ​បំពេញ​ការ​ងារ​ របស់លោក​អនុព័ន្ធ​យោធា​នៃប្រទេសតួកគី​នៅកម្ពុជា​ទទួលបានជោគជ័យ។ រីឯគម្រោងដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ទៅកាន់ប្រទេសតួកគីនៅពេលវេលាណាមួយនោះ នាយ ឧត្តមសេនីយ៍ នាង ផាត បាន​ស្នើ​ឱ្យ​លោក​អនុព័ន្ធ​យោធា ​ធ្វើ​សហ​ប្រតិបត្តិការ​ជា​មួយ​នាយក ដ្ឋាន​ទាក់​ទង​អន្តរជាតិ​ នៃ​ក្រសួង​ការពារជាតិ​កម្ពុជា ​ដើម្បី​កំណត់​យក​ពេល​វេលា​ណាមួ​យ​ដ៏​សម​គួរ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ទៅ​កាន់​ប្រទេស​តួកគី​ ៕

ដោយសំ សាម៉ន