រដ្ឋបាលព្រៃឈើ អះអាងថាក្រុមហ៊ុនស៊ីងបាយអូថេក មិនបានកាប់ឈើនិងឈើច្បោះជ័រក្នុងតំបន់ព្រៃឡង់ ដូចការចោទប្រកាន់របស់បណ្តាញសារព៍ត៌មានក្នុងស្រុកនិងអន្តរជាតិជាមួយចំនួននោះទេ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 12,12,19 ៖


រដ្ឋបាលព្រៃឈើ អះអាងថាក្រុមហ៊ុនស៊ីងបាយអូថេក មិនបានកាប់ឈើនិងឈើច្បោះជ័រក្នុងតំបន់ព្រៃឡង់ ដូចការចោទប្រកាន់របស់បណ្តាញសារព៍ត៌មានក្នុងស្រុកនិងអន្តរជាមួយចំនួននោះទេ។ យោងតាមសេចក្តីប្រកាសព័ត៏មានរបស់រដ្ឋបាលព្រៃឈើ បានឲ្យដឹងថាដោយសារក្នុងរយៈពេលកន្លងមកនេះ នៅលើបណ្តាញសារព័ត៌មានក្នុងស្រុកនិងអន្តរជាតិមួយចំនួន បានផ្សព្វផ្សាយព័ត៌មានថា ក្រុមហ៊ុនស៊ីងបាយអូថេក ដែលមានទីតាំងស្ថិតនៅខេត្តក្រចេះនិងខេត្តស្ទឹងត្រែង បានកាប់ឈើ និងឈើច្បោះជ័រក្នុងតំបន់ព្រៃឡង់ និងព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ព្រៃសហគមន៍តំបន់ការពារធម្មជាតិ ។
បន្ទាប់ពីបានទទួលព៍ត៌មាននេះ រដ្ឋបាលព្រៃឈើបានចាត់ក្រុមការងារថ្នាក់កណ្តាល សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះ បានប្រើប្រាស់វិធីសាស្ត្រក្នុងការពិនិត្យនិងស្រាវជ្រាវព័ត៌មាននៅទីវាលជាក់ស្តែង ដូចជាការស្រាវជ្រាវឯកសារ ការប្រើប្រាស់រូបភាពផ្កាយរណប (Satellite images) ការប្រើប្រាស់ដ្រូន ការពិនិត្យទីវាលជាក់ស្តែងដោយចៃដន្យ (Random checks) និងការជួបសម្ភាសន៍ជាមួយអាជ្ញាធរភូមិ ឃុំ តំណាងសហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្នុងនិងក្រៅក្រុមហ៊ុនស៊ុងបាយអូថេក។ លទ្ធផលនៃការស្រាវជ្រាវ បញ្ជាក់ថា
ក្រុមហ៊ុនស៊ីងបាយអូថេក មានគោលការណ៍វិនិយោគតាមរយៈលិខិតលេខ ៩៩៩សជណ ចុះថ្ងៃទី១២ ខែសីហាឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងបានចុះកិច្ចព្រមព្រៀងវិនិយោគជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១២ ស្តីពីការប្រើប្រាស់ដីព្រៃសម្រាប់ដាំឈើដៃគូសហការ លើផ្ទៃដីទំហំ ៣៤.០០៧ហិកតា ស្ថិតនៅក្នុងស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។ ក្រុមហ៊ុនបានរៀបចំផែនការមេស្តីពីការប្រើប្រាស់ដីព្រៃរបស់រដ្ឋ សម្រាប់ការដាំឈើ និងផែនការអនុវត្តប្រចាំឆ្នាំរួចរាល់ បានបោះបង្គោលសម្គាល់ព្រំប្រទល់ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានជីកក្រវាត់ព្រំដីព័ទ្ធជុំវិញទីតាំង និងបានរៀបចំបញ្ជីសារពើភ័ណ្ឌ វាយតម្លៃប៉ាន់ស្មានធនធានព្រៃឈើរួចរាល់ ក្នុងអនុតំបន់ I, II, IV និងអនុតំបន់ V ដោយទទួលបានការអនុញ្ញាតឈូសឆាយ និងដាំដុះក្នុងអនុតំបន់ទាំងនោះផងដែរ ។ផ្អែកតាមការចុះពិនិត្យជាក់ស្តែងនៅទីតាំងមួយចំនួន ជាពិសេសនៅព្រំប្រទល់ដែនព្រៃរបស់ក្រុមហ៊ុនស៊ីងបាយអូថេកនិងព្រៃឡង់ និងការផ្តល់ព័ត៌មានពីអាជ្ញាធរភូមិ ឃុំ គណៈកម្មការសហគមន៍ព្រៃឈើប្រាសាទទឹកខ្មៅ គណៈកម្មការសហគមន៍ការពារធម្មជាតិកំពង់ក្បឿង គណៈកម្មការសហគមន៍ការពារធម្មជាតិកោះឥន្ទជ័យ គណៈកម្មការសហគមន៍ការពារធម្មជាតិកំពង់ដំរី និងគណៈកម្មការសហគមន៍ការពារធម្មជាតិអង្គរឥន្ធ ឃើញថាក្រុមហ៊ុនស៊ីងបាយអូថេក មិនជាប់ពាក់ព័ន្ធនឹងការកាប់ឈើនិងឈើច្បោះជ័រ ក្នុងតំបន់ព្រៃឡង់និងព្រៃសហគមន៍ខាងលើនោះទេ។

ក្រុមការងារមានការសោកស្តាយ ចំពោះការមិនសហការជាមួយក្រុមការងារពីសំណាក់សកម្មជនបរិស្ថាន ក្នុងការចុះពិនិត្យនិងផ្ទៀងផ្ទាត់ព័ត៌មានបទល្មើសព្រៃឈើនៅទីវាលជាក់ស្តែង ដែលខ្លួនបានផ្តល់ព័ត៌មានដល់បណ្តាញសារព័ត៌មានថា ក្រុមហ៊ុនស៊ីងបាយអូថេក មានជាប់ពាក់ព័ន្ធនឹងការកាប់ឈើ និងឈើច្បោះជ័រ ក្នុងតំបន់ព្រៃឡង់និងព្រៃសហគមន៍។
សូមបញ្ជាក់ថា ក្រុមការងារបានដាក់ចេញនូវវិធានការណែនាំ ដល់ក្រុមហ៊ុនស៊ីងបាយអូថេក ត្រូវអនុវត្តឲ្យបានតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ ត្រូវពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបន្ថែមទៀត ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត ក្រោមការដឹកនាំបញ្ជារបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រចេះ ៕