ប្រមុខរាជរដ្ឋាភិបាលជំរុញចលនាកីឡាជាតិនៅទូទំាងប្រទេស ដើម្បីឆ្ពោះធ្វើម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ

វិទ្យុជាតិកម្ពុជា អត្ថបទ ៖ ប៉ុង សុភាវី ១២ ១២ ២០១៩៖

ប្រមុខរាជរដ្ឋាភិបាលជំរុញចលនាលេងកីឡាជាតិគ្រប់ប្រភេទនៅទូទំាងប្រទេស ដើម្បី​ឆ្ពោះ​ធ្វើ​ម្ចាស់​ផ្ទះប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ។

ថ្លែងក្នុង​​ពិធីប្រគល់​សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS)កាល​ពី​ថ្ងៃ​ទី ១១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃ​ព្រះរាជា​ណា​ចក្រកម្ពុជាបានសង្ឃឹមថា វិស័យកីឡារបស់កម្ពុជា នឹងក្លាយទៅជាចរន្តចលនាជាតិមួយដ៏ធំ ក្នុង​ការបង្កើតឱកាសសម្រាប់ប្រទេសដែលជាប្រយោជន៍ដល់សុខភាពប្រជាពលរដ្ឋ។

សម្តេច​​តេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា នៅពេលខាងមុខនេះកម្ពុជា នឹងទៅប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាមនាឆ្នាំ២០២១ ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាបទពិសោធន៍ដ៏ល្អសម្រាប់កម្ពុជាទទួលធ្វើម្ចាស់ផ្ទះក្នុងការប្រកួតស៊ីហ្គេមនាឆ្នាំ២០២៣ខាងមុខ។

« ខ្ញុំសង្ឃឹមថាឆ្នាំ២០២៣ខ្ញុំអត់ទាន់ទៅណាទេ។ ឆ្នាំ២០២៣ ត្រូវធ្វើខែ៥ ខែ៧ បានបោះឆ្នោតអញ្ចឹងទេដាច់ខាតគឺវត្តមានហ៊ុនសែនត្រូវប្រកាសបើកស៊ីហ្គេម។ អញ្ចឹងខ្ញុំចង់និយាយអំពីបញ្ហាស៊ីហ្គេមហើយការប្រកួតនោះ បើទោះបីមេដាយមាសតិចច្រើនប៉ុន្តែ គឺជាការប្រកួតមួយដែលយើងចូលរួមច្រើនរាប់ទាំងមន្ត្រីដែលនៅសិក្សាប្រទេសគេ ដើម្បីយើងធ្វើស៊ីហ្គេមខ្លួនឯង  ។យើងក៏ត្រូវរៀនសូត្រពីគេដែរហើយខ្ញុំបានបញ្ជាក់ហើយមូលហេតុមុននេះ ដែលយើងមិនទាន់ធ្វើស៊ីហ្គេម ខ្ញុំបានប្រាប់ទៅប្រមុខរដ្ឋាភិបាលអាស៊ាន សូមឱ្យយល់ដល់កម្ពុជា ខ្ញុំត្រូវការលុយ ដើម្បីធ្វើផ្លូវ ធ្វើស្ពាន ធ្វើប្រឡាយទឹក ធ្វើមន្ទីរពេទ្យ កសាងសាលារៀន ដើម្បីកសាងអ្វីដែលជាតម្រូវការរបស់ប្រជាជនសិន។ ស៊ីហ្គេមលើកពេល ប្រទេសផ្សេងៗគេធ្វើរួចរាល់ ហើយរដ្ឋទាំងឡាយប៉ុន្តែកម្ពុជាអត់ទេលើកពេលរហូតដល់ឆ្នាំ២០២៣ ទាល់តែយើងមានលទ្ធភាពគ្រប់គ្រាន់ទើបយើងធ្វើព្រោះការធ្វើស៊ីហ្គេមនីមួយៗត្រូវចំណាយច្រើនណាស់ រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធដើម្បីធ្វើឲ្យគ្រប់គ្រាន់។

ឥឡូវនេះសូម្បីតែថវិកាក៏ចាប់ផ្តើមកាត់ប្រាក់សន្សំទុកជាបណ្តើរៗដើម្បីតៀមចំណាយក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។ យើងត្រូវចាយសម្រាប់ការងារនៅពេលនោះព្រោះទទួលកីឡាករ កីឡាការនី មកពីប្រទេសគេរាប់ពាន់នាក់ជាតម្រូវការមួយដ៏ធំ។ អញ្ចឹងទេយើងនៅមានពេលឆ្លងកាត់មួយស៊ីហ្គេម២០២១ នៅវៀតណាមទៀតដែលបានជាបទពិសោធន៍នៅពេលនោះធនធានមនុស្សនៅក្នុងកីឡារបស់យើងក៏មានការកើនឡើង»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍ដែលគ្រប់គ្នាហៅថា ស៊ីហ្គេម តែងតែប្រារព្ធធ្វើឡើងរៀងរាល់២ឆ្នាំម្តង ដែលប្រទេសនៅអាស៊ានទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតវិលជុំ ហើយនៅឆ្នាំ២០២៣ កម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះក្នុងការប្រកួតស៊ីហ្គេម៕