ប្រធានាធិបតី រូហានី៖ អ៊ីរ៉ង់ប្តេជ្ញាយកឈ្នះ ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩​ — រដ្ឋាភិបាលអ៊ីរ៉ង់បានដាក់ចេញសេចក្តីព្រាងថវិកាឆ្នាំ ២០២០  ដោយស្វែងរកការកាត់បន្ថយផលប៉ះពាល់នៃការដាក់ទណ្ឌកម្មដ៏តឹងរឹងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយបានកាត់បន្ថយការពឹងផ្អែករបស់ប្រទេសមួយនេះទៅលើការនាំចេញប្រេង។

ទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់បានរាយការណ៍ថា អ៊ីរ៉ង់នឹងយកឈ្នះទៅលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកតាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត តាមរយៈការចៀសឱ្យផុតពីពួកគេ ឬតាមរយៈកិច្ចចរចា។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃពុធ លោក រូហានី ប្រធានាធិបតីអ៊ីរ៉ង់បាននិយាយថា «រដ្ឋាភិបាលប្តេជ្ញាកម្ចាត់ (សត្រូវ) ដោយចៀសវាងពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក … ឬតាមរយៈមធ្យោបាយផ្សេងៗទៀតដោយរាប់បញ្ចូលទាំងការជជែកពិភាក្សា ប៉ុន្តែវាមិនត្រូវឆ្លងកាត់ខ្សែបន្ទាត់ក្រហមរបស់យើងនោះទេ»។

នៅក្នុងកិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងភាពអត់ការងារធ្វើ ដោយលោក រូហានី បានកត់សម្គាល់ថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក រួមទាំងការរឹតបន្តឹងកិច្ចការតាមធនាគារ និងការនាំចេញប្រេង បានន័យថា នឹងធ្វើឱ្យប្រាក់ចំណូលរបស់រដ្ឋាភិបាលទាបដែលបានជះឥទ្ធិពលដល់ការរស់នៅរបស់ប្រជាជនអ៊ីរ៉ង់ធម្មតា។

កាលពីថ្ងៃអាទិត្យ លោក រូហានី បានបង្ហាញនូវសេចក្តីព្រាងថវិកាថ្មីសម្រាប់ឆ្នាំ ២០២០ ដោយស្វែងរកការប្រឆាំងនឹងការដាក់ទណ្ឌកម្មដែលបានដាក់លើប្រទេសនេះ និងវិស័យប្រេងរបស់ខ្លួន។ ថវិកាថ្មីដែលនឹងចូលជាធរមាននៅក្នុងខែមីនា ឆ្នាំក្រោយ គឺមានគោលបំណងកាត់បន្ថយសម្ពាធទាក់ទងនឹងការដាក់ទណ្ឌកម្ម និងជាពិសេសផលប៉ះពាល់របស់ពួកគេទៅលើប្រជាជនអ៊ីរ៉ង់ក្រីក្រ តាមរយៈការផ្គត់ផ្គង់ស្បៀងអាហារ និងថ្នាំពេទ្យ ហើយនឹងទទួលបានប្រាក់កម្ចីចំនួន ៥ប៊ីលានដុល្លារអាម៉េរិកដែលបច្ចុប្បន្នកំពុងស្ថិតក្នុងកិច្ចចរចាជាមួយទីក្រុងមូស្គូ៕

( ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី )