លោក ពូទីន និងលោក Erdogan ពិភាក្សាគ្នាពីប្រទេសស៊ីរី, លីប៊ី និងកិច្ចសហប្រតិបត្តិការ​ទ្វេភាគីនៅក្នុងការនិយាយតាមទូរស័ព្ទ

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ — វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានធ្វើការសន្ទនាតាមទូរស័ព្ទ​ ព្រមទាំង​បានជំរុញឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មនៅក្នុង​ប្រទេស​ស៊ីរី។

វិមានក្រឹមឡាំងបាននិយាយថា ដោយយកចិត្តទុកដាក់ជាពិសេសទៅលើស្ថានភាព​នៅស៊ីរី មេដឹកនាំទាំងពីរ បានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រឆាំងនឹងការគំរាម​កំហែងភេរវករ រួមមានទាំងនៅក្នុងខេត្តអ៊ីដលីប និងនៅភាគឦសានរបស់ប្រទេសនេះ។ ពួក​គេបានគូសបញ្ជាក់ពីតម្រូវការ ដើម្បីអនុវត្តន៍ឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងរុស្ស៊ី-តួកគី​ ស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទាំងនោះ

លោក Erdogan មានប្រសាសន៍ថា ទំនាក់ទំនងរុស្ស៊ី-តួកគី មិនមែនជាជម្រើសសម្រាប់​ទំនាក់ទំនង​ជាមួយណាតូនោះទេ។

វិមានក្រឹមឡាំងបានបន្ថែមថា មេដឹកនាំទាំងពីរសង្ឃឹមថា នឹងមានការរីកចម្រើននៅក្នុង​ការងាររបស់គណៈកម្មាធិការធម្មនុញ្ញរបស់ប្រទេសស៊ីរី ហើយត្រៀមខ្លួនដើម្បីសម្រួលដល់​ការ​សន្ទនានយោបាយ នាពេលអនាគត។

វិមានក្រឹមឡាំងបាននិយាយថា ក្រៅពីនេះ ប្រធានាធិបតីទាំងពីបានប៉ះទង្គិចនឹងវិបត្តិ​នៅប្រទេស លីប៊ី។ ប្រមុខរដ្ឋទាំងពីរ​បានសំដែងការព្រួយបារម្ភរបស់ពួកគេ អំពីការប្រយុទ្ធគ្នា​នៅខាងក្រៅទីក្រុងទ្រីប៉ូលី។ តាមមេដឹកនាំទាំងពីរបានឱ្យដឹងថា  បទឈប់បាញ់គ្នាយ៉ាងឆាប់​រហ័ស និងការបន្តកិច្ចចរចាសន្តិភាពរវាង លីប៊ីអាចជួយសម្រួល ដោយធ្វើឱ្យប្រក្រតីឡើងវិញ​នៃស្ថាន​ការណ៍​នៅលីប៊ី។

វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន និងលោក Erdogan បានពិភាក្សាគ្នា​អំពី​បញ្ហាបន្ទាន់នៃកិច្ចសហប្រតិ​បត្តិ​ការ​ទ្វេភាគី រួមមានទាំងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច​ផងដែរ។ ពួកគេបានផ្តោតលើសារៈសំខាន់នៃការអនុវត្តបន្ថែមនៃផែនការរួមគ្នានៅក្នុងកិច្ច​សហប្រតិបត្តិការថាមពល និងបច្ចេកទេសយោធា។

វិមានក្រឹមឡាំងបានបន្ថែមទៀតថា ប្រធានាធិបតីតួកគីក៏បានរាយការណ៍សង្ខេបដល់​មេដឹកនាំ​រុស្ស៊ីពីទំនាក់ទំនងរបស់គេក្នុងអំឡុងកិច្ចប្រជុំកំពូលណាតូនៅទីក្រុងឡុងដ៍។ មេដឹកនាំទាំងពីរ បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទតាមសំណើរបស់ភាគីតួកគី៕

(ប្រភព TASS: បកប្រែដោយលោក មាស សំអុល )