ក្រសួងសាធារណការអំពាវនាវឲ្យម្ចាស់យានយន្ដដែលផុតកំណត់ឆៀករួសរាន់ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡើងវិញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ វ៉ាង​ ភក្តី​៖

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវឲ្យម្ចាស់យានយន្ដដែលផុតកំណត់ឆៀកទាំងអស់ ត្រូវរួសរាន់ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡើងវិញ ដើម្បីចៀសវាងការពិន័យ និងបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬហៅថា ឆៀក សាខាឫស្សីកែវ តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ទី១២ ខែធ្នូនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មានរថយន្តប្រមាណ៣០ម៉ឺនគ្រឿង ដែលហួសសុពលភាពឆៀក ហើយមិនទាន់យកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសទើងវិញ តាមកាលបរិច្ឆេទតម្រូវ។
ឯកឧត្តម ស្នើឲ្យម្ចាស់យានយន្ត ដែលដល់កំណត់ពេលត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស ត្រូវរួសរាន់យករថយន្តរបស់ខ្លួនមកធ្វើឆៀកឡើងវិញ ដើម្បីបញ្ចៀសពីការពិន័យជាថវិកា និងបញ្ចៀសពីការគ្រោះថ្នាក់លើខ្លួនឯង និងអ្នកដទៃ ដោយសារតែពន្យារពេលយករថយន្តទៅត្រួតពិនិត្យ។

ឯកឧត្តម បានបន្តថា ក្រសួងបានខិតខំសហការជាមួយក្រុមហ៊ុនឯកជន ក្នុងការបង្កើតមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឲ្យបានច្រើនសាខាថ្មី ដើម្បីពង្រីក និងបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋ ព្រមទាំងបង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការចំណាយផ្សេងៗ។ ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្នមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដែលវិនិយោគដោយក្រុមហ៊ុនឯកជន មាននៅក្នុងរាជធានីភ្នំពេញ ក្នុងទីតាំងផ្សេងៗគ្នាចំនួន៥ន្លែងមានដូចជានៅសាខាប្ញស្សីកែវ សាខាចំការដូង សាខាបឹងប៉ៃតង សាខាបឹងស្នោរ និងសាខាជ្រោយចង្វារផ្លូវជាតិលេខ៦A និង តាមបណ្តាខេត្តមានដូចជា បាត់ដំបង សៀមរាប កំពង់ឆ្នាំង ស្វាយរៀង កំពង់ស្ពឺ ក្រចេះ ព្រះសីហនុ រតនគិរី និងព្រះវិហារ។
លោកស្រី ស៊ួន គឹមស្រ៊ុន អគ្គនាយកក្រុមហ៊ុន ដឹកជញ្ជូន កម្ពុជា ម៉ូធើរ វិហ៊ីខល អ៊ិនស្ពេកសិន បានឲ្យដឹងថា សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនាពេលបច្ចុប្បន្ន មានភាពរហ័ស និងមានភាពជាក់លាក់ទៅលើប្រព័ន្ធសុវត្ថិភាពយានយន្តដូចជា៖ ដៃចង្កូត ប្រព័ន្ធហ្វ្រាំង ប្រព័ន្ធភ្លើង ការវាស់កង់ ការវាស់ផ្សែង និងប្រព័ន្ធសុវត្ថិភាពផ្សេងទៀត តាមប្រព័ន្ធស្វ័យប្រវត្តិកម្មដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទាំងការទទួលបានសេវា និងការបង់សេវា។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៧ ដល់បច្ចុប្បន្ន ចំនួនយានយន្តដែលបានចុះបញ្ជីត្រឹមត្រូវ មានប្រមាណជាង៤លានគ្រឿង ហើយក្នុងមួយឆ្នាំៗ មានយានយន្តចន្លោះពី៣០ម៉ឺនគ្រឿង ដែលបានទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស តាមលក្ខខណ្ឌ និងកាលបរិច្ឆេទកំណត់៕